ក្រុមហ៊ុន CK Hutchison Holdings ដែលជាក្រុមហ៊ុនកាន់កាប់របស់មាហាសេដ្ឋី Li Ka-shing បានផ្អាកការឧបត្ថម្ភទៅកាន់ក្លឹប បាល់ទាត់ Chelsea បន្ទាប់ពីម្ចាស់ក្លឹបរុស្ស៊ី Roman Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម។ ក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះ ចំណាយប្រហែល ៣១៣លានដុល្លារហុងកុង (ប្រមាណ ៤០លានដុល្លារ) ក្នុងមួយឆ្នាំសម្រាប់សិទ្ធិក្នុងការបង្ហាញនិមិត្តសញ្ញារបស់ក្រុមហ៊ុនទូរស័ព្ទ Three ដែលខ្លួនបានគាំទ្រនៅលើអាវរបស់កីឡាករ។
ក្រុមហ៊ុន Three បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយមើលឃើញពីការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ យើងបានស្នើសុំឱ្យក្លឹបបាល់ទាត់ Chelsea ផ្អាកការឧបត្ថម្ភក្លឹបរបស់យើងជាបណ្តោះអាសន្ន រួមទាំងការដកម៉ាកយីហោរបស់យើងចេញពីអាវ និងជុំវិញកីឡដ្ឋានរហូតដល់មានការជូនដំណឹងបន្ថែម”។
ក្រុមហ៊ុនបានបន្តថា “យើងទទួលស្គាល់ថា ការសម្រេចចិត្តនេះនឹងជះឥទ្ធិពលដល់អ្នកគាំទ្រ Chelsea ជាច្រើនដែលតាមដានក្រុមរបស់ពួកគេ តែទោះជាយ៉ាងណាក៏ដោយ យើងមានអារម្មណ៍ថា បើតាមកាលៈទេសៈ និងការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាល គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ»។
គួរឱ្យដឹងថា ការចាកចេញរបស់ក្រុមហ៊ុន Three គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ ហើយត្រូវបានគេនិយាយថាកំពុងបង្កឱ្យមានឥទ្ធិពលយ៉ាងខ្លាំងក្នុងចំណោមអ្នកឧបត្ថម្ភផ្សេងទៀតរួមទាំង Hyundai ផងដែរ។ ក្នុងនោះអ្នកឧបត្ថម្ភធំជាងគេរបស់ក្លឹបគឺយីហោ Nike ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ១៥ឆ្នាំដែលមានតម្លៃ៩០០លានផោនក្នុងឆ្នាំ ២០១៦ មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីរួចហើយ៕


អត្ថបទ៖ លីនី
ប្រភព៖ scmp


