ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឈ្នះបេះដូងនៃពិភពលោកខាងលិចនាពេលថ្មីៗនេះ នៅពេលដែលការលុកលុយប្រទេសរបស់គាត់ដោយប្រទេសរុស្ស៊ី ដោយលោកបានបដិសេធសំណើរពីសហរដ្ឋអាមេរិកដើម្បីជួយគាត់ឱ្យជម្លៀសចេញពីរដ្ឋធានី Kyiv ជាមួយហេតុផលដ៏ចាក់ដោតថា៖ “ខ្ញុំត្រូវការគ្រាប់រំសេវ មិនមែនការភៀសខ្លួនទេ”។
យ៉ាងណាមិញនៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនកាន់តែក្តៅគគុក ពាក្យចចាមអារ៉ាមជាច្រើនបានលេចឡើងនៅលើអ៊ីនធឺណិតទាក់ទងនឹងទ្រព្យសម្បត្តិសុទ្ធរបស់លោក Zelensky រួមទាំងទ្រព្យសម្បត្តិដូចជាផ្ទះ និងរថយន្ត។ ពាក្យចចាមអារ៉ាមទាំងនោះបានលើកឡើង ប៉ាន់ប្រមាណមានចាប់ពី ១,៥ លានដុល្លារ ដល់កន្លះពាន់លានដុល្លារ ហើយខ្លះរហូតទៅដល់ ១,៥ ពាន់លានដុល្លារ។ លើសពីនេះប្រភពព័ត៌មានមួយចំនួនប៉ាន់ស្មានថា ការបង្ហោះសារដែលប្រកាសទ្រព្យសម្បត្តិរបស់អតីតតារាកំប្លែងនេះចំនួន ១,៥ ពាន់លានដុល្លារ គឺជាការខិតខំប្រឹងប្រែងដើម្បីបង្ខូចការគាំទ្រដល់ Zelensky និងអ៊ុយក្រែន។ ដូច្នេះតើ Zelensky មានទ្រព្យពិតប្រាកដប៉ុន្មាន?
បើយោងតាម Celebrity Net Worth លោក Zelensky មានទ្រព្យប្រហែល ១.៥ លានដុល្លារ មិនមែន ១.៥ ពាន់លានដុល្លារទេ។ គេហទំព័រនេះបាននិយាយថា ការបង្ហាញហិរញ្ញវត្ថុរបស់ប្រធានាធិបតីពីឆ្នាំ២០១៨ បានចុះបញ្ជីទ្រព្យសម្បត្តិសរុបដែលមានតម្លៃ ៣៧លាន (hryvnias) ដែលជារូបិយប័ណ្ណអ៊ុយក្រែន។ នៅពេលនោះ បានផ្តល់ឱ្យគាត់នូវទ្រព្យសម្បត្តិសុទ្ធចំនួន ១.៥ លានដុល្លារអាមេរិក ទោះបីជាអត្រាប្តូរប្រាក់បរទេស ធ្វើឱ្យចំនួនទឹកប្រាក់ប្រែប្រួលក៏ដោយ។
ជាមួយគ្នានេះ លោក Zelensky រកបានប្រាក់ភាគច្រើនរបស់គាត់ក្នុងនាមជាអ្នកកំប្លែងជនជាតិអ៊ុយក្រែន ដោយសម្តែងក្នុងខ្សែភាពយន្តជាភាសារុស្សី រួមមានរឿង “Love in the Big City” “Office Romance” និង “8 First Dates” ។ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៩ គាត់បានសម្តែងក្នុងរឿងកំប្លែង “Servant of the People” ។ រឿងនេះបានចាក់ផ្សាយចំនួន ៥១ភាគ បានរៀបរាប់ដំណើរផ្សងព្រេងរបស់គ្រូបង្រៀនវិទ្យាល័យម្នាក់បានប្រែក្លាយប្រធានាធិបតីអ៊ុយក្រែន ហើយនៅឆ្នាំ២០១៩ លោក Zelensky បានឈរឈ្មោះសម្រាប់តំណែង ហើយត្រូវបានជ្រើសរើសជាប្រធានាធិបតី។
ថ្វីត្បិតតែនេះជាលើកដំបូងរបស់លោក Zelensky ចូលទៅក្នុងនយោបាយក៏ដោយ ក៏គាត់មានការអប់រំដើម្បីគាំទ្រការផ្លាស់ប្តូរអាជីពនាពេលថ្មីៗនេះ។ គាត់បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានសេដ្ឋកិច្ច Kryvyi Rih ជាមួយនឹងសញ្ញាប័ត្រច្បាប់ ប៉ុន្តែមិនដែលបានអនុវត្ត នេះបើយោងតាម ClutchPoints ។ តួនាទីបច្ចុប្បន្នរបស់លោក Zelensky ជាប្រធានាធិបតីអ៊ុយក្រែន ទទួលបានប្រាក់ខែត្រឹមតែ ២៨,០០០ Hryvnias ក្នុងមួយឆ្នាំ ឬស្មើនឹង ៩៣០ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ ប្រាក់ខែប្រចាំឆ្នាំប្រហែល ១១,២០០ ដុល្លារក្នុងមួយឆ្នាំ៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


