លឿនណាស់! ជម្លោះត្រឹម​ប៉ុន្មានថ្ងៃ ធ្វើឱ្យមហាសេដ្ឋីរុស្ស៊ីជាច្រើនរូបបាត់ទ្រព្យសរុប ៨៣ពាន់លានដុល្លារ
បុគ្គលជោគជ័យ March 1, 2022 Khmernote

ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានក្លាយជារឿងក្ដៅគគុក និងបន្តអូសបន្លាយអស់ជិត ១សប្ដាហ៍ហើយបើគិតមកទល់ពេលនេះ។ ជម្លោះនេះ បានធ្វើឱ្យរុស្ស៊ីទទួលទណ្ឌកម្មជាសកលធ្វើឱ្យខូចសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន ដោយសារសហភាពអឺរ៉ុប បង្កកទ្រព្យសកម្ម ហាមប្រាមការធ្វើដំណើរសម្រាប់មហាសេដ្ឋីរបស់ប្រទេស។

មិនតែប៉ុណ្ណោះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bloomberg នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មហាសេដ្ឋីរុស្ស៊ីដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង ៥០០ របស់ពិភពលោកឥឡូវនេះ បានខាតបង់សរុបចំនួន ៨៣ពាន់លានដុល្លារក្នុងឆ្នាំនេះ។

ការធ្លាក់ចុះទ្រព្យសម្បត្តិយ៉ាងឆាប់រហ័ស និងចំនួនដ៏ច្រើននេះ បានកើតឡើងចាប់តាំង ការសម្រេចចិត្តរបស់ប្រធានាធិបតី Vladimir Putin ក្នុងការឈ្លានពានអ៊ុយក្រែន។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅនេះ សន្ទស្សន៍មហាសេដ្ឋី Bloomberg បានបង្ហាញថា បុគ្គលដែលមានបំផុតចំនួន ២២រូប របស់រុស្ស៊ីបានខាតបង់ទ្រព្យសម្បត្តិសុទ្ធរបស់ពួកចំនួន ៣៩ពាន់លានដុល្លារក្នុងរយៈពេលតិចជាង ២៤ម៉ោង បន្ទាប់ពីប្រទេសរបស់ពួកគេបានឈ្លានពានប្រទេសអ៊ុយក្រែន៕

អត្ថបទ៖ លីនី
ប្រភព៖ bloomberg