មហាសេដ្ឋីជប៉ុន Hiroshi “Mickey” Mikitani បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងបរិច្ចាគប្រាក់ចំនួន ១ ពាន់លានយ៉េន (ប្រមាណ ៨.៧ លានដុល្លារ) ដល់រដ្ឋាភិបាលអ៊ុយក្រែន ដោយហៅការឈ្លានពានរបស់រុស្ស៊ីថា ជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន japantimes។
ស្ថាបនិកក្រុមហ៊ុន e-commerce យក្ស Rakuten Group Inc. បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាការបរិច្ចាគចំនួន ១ពាន់លានយ៉េន (៨.៧លានដុល្លារ) នឹងឆ្ពោះទៅរក “សកម្មភាពមនុស្សធម៌ដើម្បីជួយប្រជាជនក្នុងប្រទេសអ៊ុយក្រែនដែលជាជនរងគ្រោះដោយអំពើហិង្សា”។
លោក Mikitani បាននិយាយនៅក្នុងសំបុត្ររបស់គាត់ថា “ចិត្តរបស់ខ្ញុំគឺនៅជាមួយអ្នក និងប្រជាជនអ៊ុយក្រែន។ ខ្ញុំជឿថា ការជាន់ឈ្លីសន្តិភាព និងប្រជាធិបតេយ្យ អ៊ុយក្រែនដោយកម្លាំងមិនសមហេតុផល គឺជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំសង្ឃឹមដោយស្មោះថារុស្ស៊ី និងអ៊ុយក្រែន អាចដោះស្រាយបញ្ហានេះដោយសន្តិវិធី ហើយប្រជាជនអ៊ុយក្រែនអាចមានសន្តិភាពម្តងទៀតបានឆាប់តាមដែលអាចធ្វើទៅបាន”។
គួរបញ្ជាក់ផងដែរថា ការឈ្លានពានរបស់រុស្ស៊ីបានជំរុញឱ្យមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុយ៉ាងទូលំទូលាយពីប្រទេសប្រជាធិបតេយ្យធំៗ ខណៈដែលបុគ្គល និងអង្គការនានាជុំវិញពិភពលោកបានស្នើសុំការបរិច្ចាគដើម្បីជួយអ៊ុយក្រែន។ ក្នុងនោះរដ្ឋាភិបាលជប៉ុនក៏បានប្រកាសដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ រួមទាំងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការនាំចេញសំខាន់ៗដូចជា គ្រឿងអេឡិចត្រូនិក ទៅកាន់អង្គការពាក់ព័ន្ធនឹងយោធារុស្ស៊ីផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ japantimes


