បុគ្គលដែលមានបំផុតទាំង២២ របស់រុស្ស៊ីបានខាតបង់ទ្រព្យសម្បត្តិសុទ្ធរបស់ពួកចំនួន ៣៩ពាន់លានដុល្លារក្នុងរយៈពេលតិចជាង ២៤ម៉ោង បន្ទាប់ពីប្រទេសរបស់ពួកគេបានឈ្លានពានប្រទេសអ៊ុយក្រែន នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។ ការបាត់បង់ទ្រព្យសម្បត្តិនេះ បានកើតឡើងបន្ទាប់ពីសន្ទស្សន៍ MOEX Russia Index របស់ទីក្រុងម៉ូស្គូបានធ្លាក់ចុះ និងបញ្ចប់ការជួញដូរទាបជាង ៣៣% កាលពីថ្ងៃព្រហស្បតិ៍។
សន្ទស្សន៍មហាសេដ្ឋី Bloomberg បានឱ្យដឹងទៀតថា មហាសេដ្ឋីរុស្ស៊ីបានខាតបង់ប្រាក់កាលពីថ្ងៃព្រហស្បតិ៍ក្នុងចំនួនច្រើនជាង ការខាតបង់ប្រចាំឆ្នាំរបស់ពួកគេទៅទៀត។ ជាមួយគ្នានេះ អ្នកខាតបង់ដ៏ធំបំផុតគឺលោក Vagit Alekperov ប្រធានក្រុមហ៊ុនប្រេង Lukoil ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ ដោយទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះមួយភាគបីក្នុងរយៈពេលមួយថ្ងៃ ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៣២% កាលពីថ្ងៃព្រហស្បតិ៍។ ឥឡូវនេះ Alekperov នៅសល់ទ្រព្យសម្បត្តែតិ ១៣ ពាន់លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះពី ១៩.២ ពាន់លានដុល្លារ។
ដោយឡែក Vladimir Potanin ជាបុរសមានជាងគេបំផុតរបស់រុស្ស៊ីបានបាត់បង់ចំនួន ៣ ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ Norilsk Nickel បានធ្លាក់ចុះ ២៦% ។ យ៉ាងណាមិញ វាអាចនឹងកាន់តែអាក្រក់ទៅៗសម្រាប់បុគ្គលដែលមានជាងគេបំផុតរបស់រុស្ស៊ី នៅពេលដែលការដាក់ទណ្ឌកម្មរបស់លោកខាងលិចកាន់តែខ្លាំង។ ជាក់ស្ដែងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានប្រកាសដាក់ទណ្ឌកម្មរួមទាំងវិធានការប្រឆាំងនឹងក្រុមមានអំណាចររុស្ស៊ី និងសមាជិកគ្រួសាររបស់ពួកគេ ហើយកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី Joe Biden បានទម្លាក់ការដាក់ទណ្ឌកម្មមួយជុំទៀត។
នៅថ្ងៃអង្គារដដែលនោះ ចក្រភពអង់គ្លេសក៏បានប្រកាសដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីចំនួន ៥ និងបុគ្គល ៣រូបផងដែរ។ យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា ក្នុងចំណោមបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្ម មានលោក Gennady Timchenko ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន លោក Timchenko គឺជាអ្នកមានបំផុតទី១១ នៅប្រទេសរុស្ស៊ីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១២.១ ពាន់លានដុល្លារ នេះបើយោងតាម Bloomberg៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider


