នាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនបានទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាដែលកាន់តែទំនើបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែបានប្រយោជន៍អ្នកខ្លះ អាចកែប្រែវាសនាខ្លួនឯងកា្លយជាមហាសេដ្ឋីវ័យ ឬ រកប្រាក់បានរាប់ពាន់លានដុល្លារពីបច្ចេកវិទ្យាទាំងនោះដែលសុទ្ធសឹងតែជាវេទិកាកំពុងល្បីល្បាញពេញពិភពលោករួមមាន crypto ,NFTs និង metaverse។
បើទោះបីជាបច្ចេកវិទ្យាទាំងនេះល្បីល្បាញខ្លាំងនាពេលថ្មីៗនេះមែន តែតាមពិតទៅអ្នកជំនួញស្រីស្អាត Paris Hilton បាន វិនិយោគលើរូបិយប័ណ្ណ crypto តាំងពីឆ្នាំ២០១៦ មកម្ល៉េះដោយនាងជឿជាក់ថា អ្វីៗគ្រប់យ៉ាងនឹងក្លាយជាឌីជីថលនាពេលអនាគត។ ដោយសារការជឿជាក់បែបនេះ ទើប អ្នកស្នងមរតកសណ្ឋាគារអាយុ ៤០ឆ្នាំរូបនេះ កំពុងដាក់ការភ្នាល់ដ៏ធំលើរូបិយប័ណ្ណ crypto ,NFTs និង metaverse។
បើតាមការប្រាប់ទៅកាន់ CNBC Make It ស្រីស្អាត Paris Hilton ថា នាងបានវិនិយោគ crypto តាំងពី ៦ឆ្នាំមុន ដោយនាងមិនបានបង្ហាញពីចំនួនប៉ុន្មានដែលនាងបានវិនិយោគលើ crypto ទេ ប៉ុន្តែនាងនិយាយថាបានចាប់ផ្តើមវិនិយោគទាំង bitcoin និង ether ក្នុងឆ្នាំ២០១៦ នៅពេលនោះ bitcoin មួយមានតម្លៃប្រហែល ១,០០០ដុល្លារ ហើយ ether មួយមានតម្លៃប្រហែល ១០ដុល្លារ នេះបើយោងតាមទិន្នន័យ Coin Metrics ហើយសព្វថ្ងៃនេះ bitcoin មានតម្លៃជាង ៣៨,០០០ដុល្លារ និង ether មានតម្លៃ ២,៦៤០ដុល្លារ។
សម្រាប់ NFTs អ្នកជំនួញស្រី Paris Hilton បានបង្កើតផលិតផលដំបូងរបស់នាងក្នុងឆ្នាំ២០១៩ ហើយបានលក់វានៅក្នុងខែមីនា ឆ្នាំ ២០២០ សម្រាប់សប្បុរសធម៌ ដោយឈ្នះ “Best Charity NFT” នៅក្នុងពិធីប្រគល់ពានរង្វាន់ NFT នៅឆ្នាំនោះ។ នៅខែមេសា ឆ្នាំ ២០២១ នាងបានចាប់ផ្តើមការប្រមូល NFT ផ្ទាល់ខ្លួនរបស់នាង ដោយលក់មួយហៅថា “Iconic Crypto Queen” ក្នុងតម្លៃ ១.១ លានដុល្លារគិតជា ether។
ដោយឡែកចំពោះ metaverse វិញ Hilton និយាយថា នាងចាប់អារម្មណ៍លើគំនិតនេះអស់ជាច្រើនឆ្នាំមកហើយ មុនពេលដែល Facebook ប្តូរឈ្មោះជា Meta ទៅទៀត។ ក្នុងឆ្នាំ២០១៧ នាងកំពុងអភិវឌ្ឍរួចហើយស្រដៀងទៅនឹង metaverse ដូចជា ‘Paris World’ ដែលមនុស្សអាចមើលឃើញខ្ញុំជា DJ ហើយអាចមកកម្សាន្តជាមួយខ្ញុំបាន។ ហើយនៅទីបំផុត Paris World បានក្លាយជាទីតាំងមួយនៅលើវេទិការបស់ក្រុមហ៊ុនហ្គេម Roblox ដែលបានចាប់ផ្តើមនៅក្នុងខែតុលា៕





អត្ថបទ៖ លីនី
ប្រភព៖ cnbc


