អង្គការប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព Oxfam International កាលពីថ្ងៃច័ន្ទបានអំពាវនាវឱ្យរដ្ឋាភិបាលទាមទារពន្ធ ៩៩% លើមហាសេដ្ឋីពិភពលោក ដែលថ្មីៗនេះ ត្រូវបានលេចលឺដំណឹងថា ទ្រព្យសម្បត្តិកើនឡើងខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩។ ការស្នើសុំទារពន្ធនេះ គឺដើម្បីប្រមូលប្រាក់ ផ្តល់មូលនិធិដល់ការចាក់វ៉ាក់សាំងសម្រាប់អ្នកក្រីក្រ។
យោងតាមអង្គការមិនមែនរដ្ឋាភិបាល ១នេះ បុរសមានបំផុតទាំង ១០របស់ពិភពលោកបានបង្កើនទ្រព្យសម្បត្តិរបស់ពួកគេទ្វេដងចាប់តាំងពីមេរោគកូវីដ-១៩ បានរីករាលដាលពាសពេញភពផែនដីក្នុងឆ្នាំ២០២០ ខណៈពេលដែលមនុស្សយ៉ាងហោចណាស់ ១៦០លាននាក់ត្រូវបានបង្ខំឱ្យធ្លាក់ក្នុងភាពក្រីក្រ។
ជាងនេះទៅទៀតនោះ ចាប់តាំងពីមានជំងឺរាតត្បាតមក ក្នុងរយៈពេល ២៦ម៉ោងម្ដង តែងតែលេចវត្តមានមហាសេដ្ឋី ១រូប។ បើតាម Oxfam មនុស្សទាំងនោះមានលុយច្រើនជាងអ្នកក្រីក្របំផុតលើពិភពលោក ៣.១ ពាន់លាននាក់ ហើយពួកគេនឹងចំណាយពេល ៤១៤ឆ្នាំដើម្បីចាយវាយទ្រព្យសម្បត្តិរួមរបស់ពួកគេ ទោះបីជាពួកគេចំណាយមួយលានដុល្លារក្នុងមួយថ្ងៃក៏ដោយ។
អង្គការនេះ បានបន្ថែមថា ពន្ធ ៩៩% លើប្រាក់ចំណូលបន្ថែមដែលពួកគេរកបានក្នុងអំឡុងពេលជំងឺរាតត្បាត អាចប្រមូលថវិកាបានគ្រប់គ្រាន់ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រជាជនទាំងមូលនៃភពផែនដី បំពេញថវិកាដែលខ្វះខាតក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែងគាំទ្រអំពើហឹង្សាលើយេនឌ័រនៅក្នុងប្រទេសជាង៨០៕


អត្ថបទ៖ លីនី
ប្រភព៖ plenglish


