TikTok ជាបណ្ដាញផ្សព្វផ្សាយដ៏ធំរបស់ពិភពលោក ដែលកាលពីពេលថ្មីៗនេះ បានក្លាយជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតក្នុងឆ្នាំ២០២១។ មិនត្រឹមតែជាគេហទំព័រសម្រាប់កម្សាន្ត បុគ្គល និងតារាល្បីជាច្រើនបានទាញចំណូលលានដុល្លារពីបណ្ដាញសង្គមមួយនេះ។
ជាក់ស្ដែង Charli D’Amelio ដែលបានបង្ហោះវិដេអូរាំនៅលើ TikTok ក្នុងឆ្នាំ២០១៩ រកចំណូលបាន ១៧.៥ លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមទស្សនាវដ្តី Forbes ហើយថ្មីៗនេះបានជាប់ចំណាត់ថ្នាក់តារា TikTok ដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ២០២១។ ដោយមាន អ្នកតាមដាន (followers) ១៣៣ លាននាក់នៅលើ TikTok នាងអាចរកប្រាក់បានយ់ាងសន្ធឹកសន្ធាប់នេះ ពីការលក់សម្លៀកបំពាក់ និងផ្សព្វផ្សាយផលិតផលនៅក្នុងវីដេអូ TikTok និងការផ្សាយពាណិជ្ជកម្មផ្សេងទៀត។
ជាមួយគ្នានេះ បើប្រៀបធៀបចំណូលជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុនល្បីៗមួយចំនួននៅអាមេរិក ចំណូលរបស់ Charli D’Amelio រកបានច្រើនជាង ជាក់ស្ដែងចំណូលរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុន S&P 500 គឺ ១៣.៤ លានដុល្លារក្នុងឆ្នាំ២០២០ នេះបើយោងតាមការវិភាគរបស់ Wall Street Journal នៃទិន្នន័យពី MyLogIQ ។
លើសពីនេះ ចំណូល D’Amelio ខ្ពស់ជាងនាយកប្រតិបត្តិជាច្រើននៃក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈធំៗ រួមទាំង Darren Woods របស់ Exxon Mobil Corp. (១៥.៦ លានដុល្លារក្នុងឆ្នាំ២០២០), Kevin Johnson របស់ Starbucks Corp. (១៤.៧ លានដុល្លារ), Delta Air Lines Inc. របស់ Ed Bastian (១៣.១ លានដុល្លារ) និង Chris Kempczinski របស់ McDonald’s Corp. (១០.៨ លានដុល្លារ) នេះបើយោងតាមការវិភាគរបស់ Journal។ យ៉ាងណាមិញ បើងាកទៅមើល Dixie D’Amelio ដែលជាបងស្រីរបស់ Charli មានអ្នកតាមដាន TikTok តិចជាងប្អូនស្រី អាចរកចំណូលបាន ១០លានដល្លារ កាលពីឆ្នាំមុន នេះបើយោងតាមទស្សនាវដ្តី Forbes៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


