ជំងឺរាតត្បាតបានធ្វើឱ្យមហាសេដ្ឋីពិភពលោកកើនឡើងទ្រព្យសម្បត្តិច្រើនជាងគេ ប៉ុន្តែបាននាំឱ្យមនុស្សកាន់តែច្រើនធ្លាក់ចូលទៅក្នុងភាពក្រីក្រ នេះបើយោងតាមអង្គការសប្បុរសធម៌ Oxfam ។ របាយការណ៍របស់អង្គការនេះបានអះអាងថា ប្រាក់ចំណូលទាបសម្រាប់អ្នកក្រីក្របំផុតនៅលើពិភពលោក បានកើតឡើងក៏ដោយសារការបាត់បង់ជីវិតរបស់មនុស្ស ២១,០០០ នាក់ក្នុងមួយថ្ងៃ។
Danny Sriskandarajah នាយកប្រតិបត្តិរបស់ Oxfam GB បាននិយាយថា ឆ្នាំនេះមានមហាសេដ្ឋីថ្មីៗ ត្រូវបានលេចវត្តមានស្ទើរតែរៀងរាល់ថ្ងៃក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ស្របពេលដែល ៩៩% នៃចំនួនប្រជាជនពិភពលោកកាន់ តែជួបស្ថានភាពហិរញ្ញវត្ថុលំបាកទៅៗដោយសារការបិទខ្ទប់ ពាណិជ្ជកម្មអន្តរជាតិទាប ទេសចរណ៍អន្តរជាតិតិចជាងមុន ហើយជាលទ្ធផលមនុស្ស ១៦០លាននាក់ទៀតត្រូវបានរុញច្រានចូលទៅក្នុងភាពក្រីក្រ។
ដោយផ្អែកលើ ទិន្នន័យពីបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes និងរបាយការណ៍ប្រចាំឆ្នាំរបស់ Credit Suisse Global Wealth អង្គការ Oxfam បានឱ្យដឹងថា បុរសមានបំផុតទាំង ១០របស់ពិភពលោកបានកើនឡើងច្រើនជាងទ្វេដងនៃទ្រព្យសម្បត្តិរួមរបស់ពួកគេចាប់តាំងពីខែមីនាឆ្នាំ២០២០។
ជាក់ស្ដែងតាមតួលេខរបស់ទស្សនាវដ្ដី Forbes ដែលដកស្រង់ដោយអង្គការសប្បុរសធម៌ ទ្រព្យសម្បត្តិបុរសមានបំផុតទាំង ១០របស់ពិភពលោករួមមាន៖ Elon Musk, Jeff Bezos, Bernard Arnault និងគ្រួសារ, Bill Gates, Larry Ellison, Larry Page, Sergey Brin, Mark Zuckerberg, Steve Ballmer និង Warren Buffet បានកើនឡើងពី ៧០០ ពាន់លានដុល្លារ ទៅ ១ទ្រីលានដុល្លារ ពោលគឺនេះមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងពួកគេ ដោយទ្រព្យសម្បត្តិរបស់លោក Musk កើនឡើងជាង ១,០០០% ខណៈដែលលោក Gates បានកើនឡើងតិចតួចជាង ៣០%៕


អត្ថបទ៖ លីនី
ប្រភព៖ bbc


