យោងតាមការចុះផ្សាយរបស់ CNA បានឱ្យដឹងថា ប្រាក់ឈ្នួលរបស់នាយកប្រតិបត្តិ Apple លោក Tim Cook ក្នុងឆ្នាំ២០២១ មានចំនួនច្រើនជាងបុគ្គលិកនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះដល់ទៅ ១,៤៤៧ ដង។ បើតាមឯកសារមួយកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី០៦ ខែមករា) បានបង្ហាញថា ចំនួននេះជំរុញដោយការកើនឡើងនៃភាគហ៊ុនដែលបានជួយឱ្យគាត់រកប្រាក់ចំណូលសរុបជិត ១០០លានដុល្លារ។
នៅឆ្នាំ២០២១ ប្រាក់ឈ្នួលជាមធ្យមសម្រាប់បុគ្គលិក មានចំនួន ៦៨,២៥៤ដុល្លារអាមេរិក ខណៈ Apple បាននិយាយថា ខ្លួនបានជ្រើសរើសបុគ្គលិកមធ្យមថ្មី សម្រាប់ការប្រៀបធៀបនេះ ដោយសារតែការផ្លាស់ប្តូរការជួល និងសំណង។ ជាក់ស្ដែង ប្រាក់ខែជាមធ្យមក្នុងឆ្នាំ២០២០ មានចំនួន ៥៧,៧៨៣ ដុល្លារអាមេរិក ដែលធៀបទៅនឹងប្រាក់ខែរបស់ Cook ចំនួន ២៥៦ ដងទើបស្មើរគាត់។
ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ទទួលបានអត្ថប្រយោជន៍ពីតម្រូវការដ៏ខ្លាំងសម្រាប់ផលិតផល និងសេវាកម្មរបស់ខ្លួនក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ខណៈដែលអ្នកប្រើប្រាស់ធ្វើការពីផ្ទះសម្បែង ធ្វើឱ្យការលក់កាន់តែកើនឡើង។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple បានកើនឡើងជាង ៣០% ដល់ ៣៦៥.៨២ ពាន់លានដុល្លារអាមេរិកសម្រាប់សារពើពន្ធឆ្នាំ២០២១ របស់ខ្លួន ដែលបានជំរុញភាគហ៊ុនរបស់ខ្លួនឱ្យលើសពី ៣ទ្រីលានដុល្លារ ក្នុងរយៈពេលខ្លី។
ដូច្នេះ Cook ដែលប្រាក់បៀវត្សរ៍បច្ចុប្បន្នមានចំនួន ៣លានដុល្លារអាមេរិក ទទួលបានរង្វាន់ពីភាគហ៊ុនចំនួន ៨២.៣ លានដុល្លារ ដោយបូកបន្ថែម ១២លានដុល្លារអាមេរិក សម្រាប់ការសម្រេចគោលដៅរបស់ក្រុមហ៊ុន Apple និង ១.៤ លានដុល្លារសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស និងប្រាក់បន្ថែមផែនការ 401 (k) ថ្លៃធានារ៉ាប់រង និងផ្សេងៗទៀត។ សរុបមក គាត់ទទួលបាន ៩៨.៧ លានដុល្លារអាមេរិក បើធៀបនឹង ១៤.៨ លានដុល្លារក្នុងឆ្នាំ ២០២០។
គួរបញ្ជាក់ផងដែរថា លោក Tim Cook បានចូលកាន់តំណែងនៅខែសីហា ឆ្នាំ២០១១ បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Steve Jobs បានលាលែងពីតំណែងជាច្រើនខែមុនពេលគាត់ទទួលមរណភាព។ ចាប់ពីពេលនោះមក ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងជាង ១,០០០ ភាគរយ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


