Viya កំពូលអ្នក Live លក់ផលិតផលដ៏ល្បីបំផុតនៅចិន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានរងការផាកពិន័យជាទឹកប្រាក់ដល់ទៅ ១.៣៤ ពាន់លានយ័ន (២១០ លានដុល្លារអាមេរិក) ពីអាជ្ញាធរពន្ធដាររបស់ចិន។ ការផាកពិន័យនេះ ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មាននេះ គឺដោយសារតែការគេចវេសមិនបង់ពន្ធរបស់កំពូលអ្នកលក់ផលិតផលដ៏ល្បីបំផុតរូបនេះ។
បើតាមការប្រកាសនៅលើគេហទំព័ររបស់រដ្ឋបាលសារពើពន្ធកាលពីថ្ងៃទី២០ ខែធ្នូ Viya ដែលមានឈ្មោះពិតថា Huang Wei ត្រូវបានបញ្ជាឱ្យបង់ប្រាក់យ៉ាងច្រើននៅក្នុងពន្ធត្រឡប់មកវិញ ថ្លៃយឺតយ៉ាវ និងការផាកពិន័យ។ រដ្ឋបាលបានអះអាងថា Viya បានគេចវេសពីពន្ធសរុបរាប់រយលានយ័នកាលពីឆ្នាំ២០១៩ ដល់២០២០ តាមរយៈវិធីសាស្រ្តគេចពន្ធមួយចំនួន រួមទាំង “លាក់ថ្លៃកម្រៃជើងសារ ប្រកាសប្រាក់ឈ្នួលផ្ទាល់ខ្លួនជាចំណូលសាជីវកម្ម និងលុបរបាយការណ៍ចំណូលជាប់ពន្ធ”។
លើសពីនេះ Viya មិនត្រឹមតែរងការពិន័យ តំណភ្ជាប់ការ live បន្តផ្ទាល់របស់នាងនៅលើ Taobao ដែលជាវេទិកាទិញទំនិញអនឡាញដ៏ធំបំផុតរបស់ប្រទេសចិន រួមជាមួយនឹងគណនី Weibo របស់នាង គឺមិនអាចចូលដំណើរការបាន ហើយហាក់ដូចជាត្រូវបានដកចេញផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីថ្ងៃចេញសេចក្ដីប្រកាសពីការផាកពិន័យ Viya និងស្វាមី Dong Haifeng បានចេញលិខិតសុំទោសនៅលើគណនី Weibo ជាមួយនឹងសំណេរដូច្នេះថា៖ “ខ្ញុំទទួលយកទាំងស្រុងនូវការពិន័យដែលធ្វើឡើងដោយនាយកដ្ឋានពន្ធដារ ហើយនឹងព្យាយាមរកប្រាក់ដើម្បីបង់ការផាកពិន័យទាន់ពេលវេលា។ “៕




អត្ថបទ៖ លីនី
ប្រភព៖ visiontimes


