ដោយ​សារ​​សម្ដី Steve Jobs កាល​ពី ១៥ ឆ្នាំ​មុន ទើប Apple មានថ្ងៃនេះ ហើយក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ ៣ទ្រីលាន​ដុល្លារ​ដំបូង​គេ​លើ​លោក​
បុគ្គលជោគជ័យ January 6, 2022 Khmernote

កាល​ពី​ថ្ងៃ​ចន្ទ Apple បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​របស់​ពិភពលោក​ដែល​មាន​តម្លៃ ៣ ទ្រី​លាន​ដុល្លារ។ ជាមួយគ្នានេះសារព័ត៌មាន inc បានចុះផ្សាយថា Apple ក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ ៣ទ្រីលាន​ដុល្លារ​ដំបូង​គេ​លើ​ពិភពលោក​ដោយ​សារ​សម្រង់​សម្ដី ៤ ​ពី Steve Jobs កាល​ពី ១៥ឆ្នាំ​មុន ពិព័ណនាពី iPhone។

អ្នក​ប្រហែល​ជា​នៅ​ចាំ​ពាក្យ​បង្កប់ន័យដ៏​ល្បី​ក្នុង​ឆ្នាំ២០០៧ នៅ​ពេល​ដែល Steve Jobs ឈរ​លើ​ឆាក​មួយ ហើយ​និយាយពី iPhone ទាំងដែលមិនទាន់ចេញជារូបរាង។ នៅពេលនោះ Jobs បានហៅទូរស័ព្ទ iPhone ថាជា “ឧបករណ៍ទំនាក់ទំនងប្រើអ៉ីនធឺណេតឈានមុខគេ” ស្ដាប់ទៅវាពិតជាគួរឱ្យអស់សំណើចណាស់នៅពេលនោះ។ ប៉ុន្តែនៅលើវេទិការនោះ Jobs បាន​ប្រាប់​ទស្សនិកជន​ថា ក្រុមហ៊ុន​កំពុងបង្ហាញ​ផលិតផល​ថ្មី​ចំនួន ៣គឺ “iPod អេក្រង់​ធំ​បំពាក់ដោយ ​touch control” “ទូរស័ព្ទ​ចល័តបែបថ្មី” និង “ឧបករណ៍​ទំនាក់ទំនងប្រើ​អ៉ីនធឺណិត​ដែល​បាន​និយាយ​ខាង​លើ”។ នៅពេល Jobs និយាយរួច ទស្សនិកជនយល់ពីផលិតផលិតចំនួន ២ដំបូងគេ ព្រោះមនុស្សគ្រប់គ្នាស្គាល់ iPod ជាអ្វី ហើយពួកគេអាចស្រមៃមើលថាតើកំណែអេក្រង់ធំជាមួយអេក្រង់ touch នឹងមើលទៅដូចអ្វី។ ហើយសម្រាប់ទូរស័ព្ទ​ចល័តដែលគាត់បានលើកឡើង មនុស្សគ្រប់គ្នា ក៏បានដឹងដែរថា Apple អាចនឹងចេញស្មាតហ្វូននៅថ្ងៃណាមួយ។

ប៉ុន្តែចំពោះផលិតផលទី៣ ស្ទើរតែគ្មាននរណាម្នាក់ដឹងថា Jobs មានន័យយ៉ាងណានៅពេលដែលគាត់និយាយអំពី “ឧបករណ៍ទំនាក់ទំនងប្រើអ៉ីនធឺណេតដែលឈានមុខគេ” ។ តែទស្សនិកដឹងថា ផលិតផលទាំងបីដែលគាត់កំពុងនិយាយគឺ ពិតជាឧបករណ៍តែមួយ ទោះបីជាគ្មាននរណាម្នាក់អាចទស្សន៍ទាយពីរបៀបដែលវានឹងផ្លាស់ប្តូរស្ទើរតែគ្រប់យ៉ាង អំពីរបៀបដែលយើងទំនាក់ទំនងគ្នាក៏ដោយ។ នោះជាអ្វីដែល Jobs បានសន្យា ហើយវាពិតជារបៀបដែល Apple ក្លាយជាក្រុមហ៊ុន ៣ទ្រីលានដុល្លារនាពេលបច្ចុប្បន្ននេះ។

iPhone បានផ្លាស់ប្តូររបៀបដែលយើងធ្វើអន្តរកម្មជាមួយពិភពលោកជុំវិញយើង ជាក់ស្ដែងនៅឆ្នាំ ២០០៧ ការរុករកអ៉ីនធឺណិតនៅលើទូរស័ព្ទដៃ មិនពិបាកទេ ប៉ុន្តែមិនមានប្រយោជន៍អ្វីឱ្យមើលទៅពិសេសសោះ ខុសពីសព្វថ្ងៃនេះ ស្ទើរតែអ្វីៗទាំងអស់ដែលយើងធ្វើ គឺនៅលើអ៉ីនធឺណិត ហើយភាគច្រើនវានៅលើ iPhone។ វា​ជា​កន្លែង​ដែល​យើង​កុម្ម៉ង់​អាហារ អាន​ព័ត៌មាន ស្តាប់​តន្ត្រី មើល​កុន ឆ្លើយ​អ៉ីមែល ផ្ញើ​សារ និង​ថតរូប ហើយវាបានក្លាយជាវត្ថុដែលមិនអាចខ្វះបានសម្រាប់មនុស្សភាគច្រើន ដែលពួកគេកាន់ជារៀងរាល់ថ្ងៃ កាន់ច្រើនជាងកាបូបទៅទៀត។

វាស្ទើរតែពិបាកក្នុងការស្រមៃមើលថាតើក្រុមហ៊ុន Apple មានភាពខុសគ្នាយ៉ាងណានៅពេលវាណែនាំ iPhone ដំបូង។ នៅពេលនោះ ការវាយលុកទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុនគឺ iPod ។ នៅពេលដែល Jobs ឈរនៅលើឆាកក្នុងឆ្នាំ២០០៧ ក្រុមហ៊ុន Apple បានលក់ឧបករណ៍ចាក់ចំរៀងចល័តបានជាង១០០ លានគ្រឿង ហើយគ្រប់ក្រុមហ៊ុនផ្សេងទៀតកំពុងព្យាយាមចម្លងភាពជោគជ័យរបស់ Apple ។ iPod មិនមែនជាផលិតផលដែលជួយសង្គ្រោះ Apple នោះទេ ប៉ុន្តែវា គឺជាអ្វីដែលធ្វើឱ្យក្រុមហ៊ុនស្ថិតនៅក្នុងក្រសែភ្នែកសាធារណៈជន។

ផ្ទុយទៅវិញ Apple បានលក់ឧបករណ៍ iOS ច្រើនជាង ១.៥ ពាន់លានគ្រឿង ដែលភាគច្រើនជា iPhone ។ គិតតែលើ iPhone មួយមុខ វានឹងក្លាយជាអាជីវកម្មធំជាងគេទី១៥ នៅលើពិភពលោកដោយប្រាក់ចំណូល – ប្រហែលទំហំដូចគ្នាទៅនឹងក្រុមហ៊ុន Microsoft ។
មិនត្រឹមតែប៉ុណ្ណោះ iPhone គឺជាវេទិកាដែលអាជីវកម្មសេវាកម្មរបស់ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើង។ សេវាកម្មបង្កើតបាន ១៩ភាគរយផ្សេងទៀតនៃអាជីវកម្មរបស់ក្រុមហ៊ុន Apple ដែលភាគច្រើនជា App Store ដែលនឹងមិនមានវត្តមានឡើយបើគ្មាន iPhone ៕

អត្ថបទ៖ លីនី
ប្រភព៖ inc