ក្រុមហ៊ុន ហ្វេសប៊ុក នឹងមិនមានវត្តមាននៅថ្ងៃនេះទេ បើសិន Mark Zuckerberg ដើរតាមឪពុកចាប់យកអាជីពមួយនេះ
បុគ្គលជោគជ័យ December 30, 2021 Khmernote

លោក Mark Zuckerberg ចាប់ផ្ដើមទទួលបានភាពល្បីល្បាញតាមរយៈការបង្កើតបណ្ដាញសង្គម Facebook នៅក្នុងបន្ទប់ស្នាក់នៅរបស់គាត់ក្នុងសាកលវិទ្យាល័យ Harvard ហើយក្រោយមកបានឡើងកូដជាបន្តបន្ទាប់រហូតក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមុនពេលដែលគាត់ចូលរៀននៅមហាវិទ្យាល័យ ឪពុករបស់គាត់លោក Zuckerberg Edward បានផ្ដល់ឱកាសមួយដល់គាត់នោះ គឺធ្វើជាម្ចាស់សិទ្ធិយីហោ McDonald’s ។

បើតាមបងស្រីរបស់ស្ថាបនិក Facebook រូបនេះគឺអ្នកនាង Randi Zuckerberg បានប្រាប់ទូរទស្សន៍ CNN ថា៖ « វាពិតជារឿងគួរឲ្យអស់សំណើចមួយ ដែលឪពុករបស់ខ្ញុំតែងតែផ្ដល់នូវជម្រើសពីរយ៉ាងមកកាន់កូនៗរបស់គាត់ នៅពេលចូលដល់វ័យបន្តការសិក្សានៅមហាវិទ្យាល័យ ជម្រើសនោះគឺ តើចង់ទៅរៀននៅមហាវិទ្យាល័យ ឬ ចាប់យកការវិនិយោគក្នុងសិទ្ធិអាជីវកម្មណាមួយហើយដំណើរការវា »។

ចំពោះជម្រើសនេះ សម្រាប់ Mark បានជ្រើសរើសយកបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard ហើយក្រោយមកក៏បោះបង់ចោលការសិក្សា។ នៅពេលដែល Mark បានចាប់ផ្ដើមជីវិតនៅមហាវិទ្យាល័យក្នុងឆ្នាំ២០០២ គ្មាននរណាម្នាក់អាចដឹងមុនទេថា ពេលវេលារបស់គាត់នៅ Harvard នឹងធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីរាប់ពាន់លានដុល្លារនោះឡើយ។ តាមពិតទៅកាលនោះប្រសិនបើ Mark បានជ្រើសរើសយក Big Macs របស់យីហោ McDonald’s ដែលឪពុកគាត់ផ្ដល់ឱ្យ សព្វថ្ងៃនេះនឹងមិនមានក្រហ្វេសប៊ុកឡើយ ហើយគាត់អាចរកលុយបានយ៉ាងងាយស្រួល ហើយរស់ដោយមិនចាំបាច់ខ្វាយខ្វល់ខ្លាំងដូចមហាសេដ្ឋីជាច្រើន។

អត្ថបទ៖ លីនី
ប្រភព cnbc