លោក Bill Gates គឺជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយលើពិភពលោក គឺ Microsoft ហើយក៏ជាមហាសេដ្ឋីលំដាប់ពិភពលោកមួយរូបដែរ។ ក្នុងប៉ុន្មានឆ្នាំក្រោយៗនេះ លោកត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋីមួយរូបដែលតែងតែព្រមានពីជំងឺរាតត្បាតនៅលើពិភពលោក និងបានដាស់តឿនឲ្យរដ្ឋាភិបាលក្នុងបណ្ដាប្រទេសនានាគួរត្រៀមសម្រាប់វីរុសរាតត្បាតផ្សេងដែលកើតមានឡើង។
ក្នុងអំឡុងខែមីនា ឆ្នាំនេះ មហាសេដ្ឋីចិត្តធម៌រូបនេះ បានព្យាករណ៍ថា ពិភពលោកនឹងវិលមករកភាពប្រក្រតីវិញទាំងស្រុងនៅចុងឆ្នាំ ២០២២ ដោយសារវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ការលើកឡើងរបស់មហាសេដ្ឋីរូបនេះ អាចនិយាយបានថាត្រឹមត្រូវខ្លះដែរ បើទោះបីជាបច្ចុប្បន្នវីរុសរាតត្បាតនៅតែបន្តអូសបន្លាយ និងលេចឡើងនូវរ៉ាវ្យ៉ង់ថ្មីក៏ពិតមែន តែស្ថានការណ៍មានភាពល្អប្រសើរច្រើន។
ប៉ុន្តែថ្មីៗនេះ នៅក្នុងការបង្ហោះចុងក្រោយនៃឆ្នាំ២០២១ របស់ លោក Bill Gates ដែលមានចំណងជើងថា “ហេតុផលសម្រាប់សុទិដ្ឋិនិយមបន្ទាប់ពីឆ្នាំដ៏លំបាកមួយ” គាត់បានធ្វើការព្យាករណ៍ពីភាពល្អប្រសើរនៃជំងឺរាតត្បាត ដែលអាចចបញ្ចប់ ហើយនិងការកើនឡើងរបស់ metaverse នាពេលខាងមុខ។ តែក៏មានបញ្ហាមួយដែលអាចពន្យឺត ឬបង្អាក់ដំណើរការជាច្រើននោះគឺ “ការមិនទុកចិត្តរបស់ប្រជាជនចំពោះរដ្ឋាភិបាល ” ហើយនេះ ជាបញ្ហាមួយដែលគាត់ព្រួយបារម្ភបំផុតនៅក្នុងការឈានចូលឆ្នាំ២០២២។
លោក Gates បានកត់សម្គាល់ថា ស្ថាប័នសាធារណៈចាំបាច់ត្រូវក្លាយជាតួអង្គសំខាន់ក្នុងការប្រយុទ្ធដូចជា ការដោះស្រាយការប្រែប្រួលអាកាសធាតុ ឬការការពារជំងឺរាតត្បាតបន្ទាប់។ លោកបានសរសេរថា៖ “ប្រសិនបើប្រជាជនរបស់អ្នកមិនទុកចិត្តអ្នក ពួកគេនឹងមិនគាំទ្រគំនិតផ្តួចផ្តើមថ្មីសំខាន់ៗទេ។ ហើយនៅពេលដែលវិបត្តិធំកើតឡើង ពួកគេទំនងជាមិនសូវធ្វើតាមការណែនាំដែលចាំបាច់ដើម្បីទប់ទល់នឹងបញ្ហានោះឡើយ។”
លោកក៏បានបញ្ជាក់បន្ថែមថា ការមិនទុកចិត្តបែបនេះបានក្លាយជាភស្តុតាង ជាពិសេសចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាតមកនោះគឺ ព័ត៌មានមិនពិតរបស់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលពាសពេញសហរដ្ឋអាមេរិក និងជុំវិញពិភពលោក ដែលរារាំងអត្រានៃការចាក់ថ្នាំបង្ការរបស់ប្រទេស និងទីបំផុតពន្យារពេលការបញ្ចប់នៃជំងឺរាតត្បាតកូវីដ-១៩៕



អត្ថបទ៖ លីនី
ប្រភព៖ cnbc


