កុំរង់ចាំសំណាង! Viya កំពូលអ្នក Live លក់ផលិតផលដ៏ល្បីបំផុតនៅចិន មុនឈរជើងដល់សព្វថ្ងៃឆ្លងកាត់រឿងរ៉ាវជូរចត់ និងការតស៊ូច្រើនណាស់
បុគ្គលជោគជ័យ December 23, 2021 Khmernote

នៅពេលនិយាយពីអាជីវកម្មអនឡាញ គឺពិតជាពេញនិយមខ្លាំងមែនទែននៅក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងបរិបថកូវីដ-១៩ ដែលធ្វើឱ្យមនុស្សម្នាស្ទើរទូទាំងពិភពលោកងាកមករកការទិញទំនិញតាមអ៉ីនធឺណេត។ ថ្ងៃនេះដែរ khmernotebusiness សូមបង្ហាញនូវកំពូលអ្នក Live លក់ផលិតផលដ៏ល្បីបំផុតនៅចិនម្នាក់ ដែលបានសាងអាណាចក្រអាជីវកម្មអនឡាញចាប់តាំងពីបាតដៃទទេររហូតដល់ល្បីល្បាញខ្លាំង។

Viya ដែលមានឈ្មោះពិតថា Huang Wei ហើយបច្ចុប្បន្នមានវ័យ ៣៦ឆ្នាំ បានក្លាយជា កំពូលអ្នក Live លក់ផលិតផលល្បីបំផុតនៅចិននៅលើបណ្ដាញ microblogging Weibo និងនៅលើទីផ្សារ Taobao ដែលជាប្រតិបត្តិការពាណិជ្ជកម្មសង្គមរបស់ក្រុមហ៊ុន Alibaba Group Holding។ មុនពេលក្លាយជា ស្រ្តីដ៏មានឥទ្ធិពលនៅលើអាជីវកម្មអនឡាញ នៅវ័យ ១៦ឆ្នាំ Viya បានចាកចេញពីផ្ទះទៅ​ធ្វើ​ការ​នៅ​ទីក្រុង​ប៉េកាំង ជាផ្នែកលក់នៅ​ផ្សារ​លក់​ដុំ​ក្បែរ​សួន​សត្វ​ប៉េកាំង។

នាងមិនបានរៀនថ្នាក់មហាវិទ្យាល័យនោះទេ តែនាងមានមហិច្ឆតាចង់ក្លាយជាអ្នកមាន ហើយល្បីល្បាញ។ នៅក្នុងឆ្នាំ២០០៣ ក្នុងអំឡុងពេលការផ្ទុះជំងឺ Sars នាងបានក្លាយជាមនុស្សគ្មានការងារធ្វើ ហើយសម័យនោះលុយពិបាករកណាស់ ហើយនាងបានព្យាយាមសន្សំសំចៃដោយរស់នៅក្នុងផ្ទះជួលដោយគ្មានបង្គន់ផ្ទាល់ខ្លួនទេ តូចចង្អៀតគ្មានសូម្បីខ្យល់ចេញចូល ហើយ​ជិះ​រថយន្ត​ក្រុង​ដែល​​មាន​តម្លៃ ១យ័ន (ប្រមាណ ០.១៦ ដុល្លារ) ប៉ុណ្ណោះ ថោក​ជាង​ការ​ដឹក​ជញ្ជូន​ទំនិញតាម​ម៉ាស៊ីនត្រជាក់ទៅទៀត នេះបើយោងតាមបទសម្ភាសន៍ថ្មីៗនេះរបស់ Viya ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន។

ទោះជាយ៉ាងនេះក្តី ក្ដីស្រម៉ៃដើម្បីក្លាយជាអ្នកមាន និងល្បីល្បាញនៅតែមាន ដោយក្នុងឆ្នាំ២០០៣ដដែល Viya និងស្វាមី Dong Haifeng បានបើកហាងតូចមួយចចេញពីដើមទុនចំនួន ៦,០០០យ័ន (ប្រមាណជា ៩៤២ដុល្លារ) ប៉ុន្តែលុយដែលរកបានពីការបណ្តាក់ទុននោះត្រូវបានបាត់បង់នៅពេលដែលប្តីប្រពន្ធនេះបើករោងចក្រតូចមួយផលិតទំនិញប្រើប្រាស់។ ក្រោយមកដោយជឿជាក់លើរូបរាង និងសមត្ថភាពច្រៀងរបស់នាង Viya បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ២០០៥ ដោយបង្កើតក្រុមចម្រៀងនារី ក្រោយមកនាងបានដឹងថា មុខរបរជាអ្នកចម្រៀងរបស់នាង មិនបានរកប្រាក់គ្រប់គ្រាន់ដូចដែលនាងគិតដំបូងឡើយ។ ដូច្នេះនាង និងស្វាមីបានផ្លាស់ទៅរស់នៅទីក្រុង Xian នៃខេត្ត Shaanxi ភាគពាយ័ព្យ ជាកន្លែងដែលពួកគេបានបើកហាងសំលៀកបំពាក់មួយ។

ពេលនោះហើយ ដែលធ្វើឱ្យ Viya ​សម្រេច​ចិត្ត​វិនិយោគ​លើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ពោលគឺនៅពេលដែលនាងបើកហាង មានភ្ញៀវម្នាក់ចូលមករើស និង ល ខោអាវស្ទើរតែពេញហាង ហើយនៅតែមិនត្រូវចិត្ត និងមិនបានទិញសូម្បីតែមួយ ផ្ទុយទៅវិញអតិថិជនម្នាក់នោះបានបើកគេហទំព័រ Taobao ហើយស្វែងរកសម្លៀកបំពាក់ដែលនាងបានល។ បន្ទាប់​ពី​បិទ​ហាង​ នាង​បាន​ផ្លាស់​ទៅ​ទីក្រុង Guangzhou នៃ​ខេត្ត Guangdong ភាគ​ខាង​ត្បូង ខណៈពេលដែលហាងអនឡាញរបស់នាងនៅលើ Taobao ទទួលបានជោគជ័យតិចតួច Viya បានទទួលឱកាសផ្លាស់ប្តូរជីវិតនៅពេលដែលនាងត្រូវបានអញ្ជើញដោយ Taobao ក្នុងនាមជា “Taobao Girls” របស់ខ្លួនក្នុងការឡាយលក់។ នៅខែឧសភា ឆ្នាំ២០១៦ នាងបានចាប់ផ្តើមការឡាយផ្ទាល់ដំបូងរបស់នាង ដោយសារជំនាញលក់ដ៏ខ្លាំងរបស់នាងនៅពីមុខកាមេរ៉ា ដែលមានដុងតាំងពីក្មេង ហើយធ្លាប់ជានារីផ្នែកលក់នៅទីផ្សារលក់ដុំនៅទីក្រុងប៉េកាំង រួមជាមួយនឹងប្រជាប្រិយភាពក្នុងចំណោមអ្នកទិញទំនិញតាមអ៉ីនធឺណេត ក៏ដូចជាការផ្តល់ជូនពិសេសដែលផ្តល់ដោយអ្នកផ្គត់ផ្គង់ បានធ្វើឱ្យនាងកាន់តែមានទំនុកចិត្តនៅក្នុងការឡាយ ហើយទទួលបានជោគជ័យជាបន្តបន្ទាប់។

Viya លក់គ្រប់យ៉ាងរាប់តាំងពីគ្រឿងសម្អាង និងផលិតផលថែរក្សាស្បែក អាហារសម្រន់ របស់ប្រើប្រាស់ក្នុងផ្ទះ រហូតដល់រថយន្ត និងសូម្បីតែការបាញ់បង្ហោះរ៉ុក្កែត។ ការលក់របស់នាងចាប់ផ្តើមកើនឡើងក្នុងល្បឿនយ៉ាងលឿន នាងលក់ទំនិញបានប្រហែល ២.៧ ពាន់លានយ័ន (ប្រមាណជាង ៤២៣លានដុល្លារ) ក្នុងឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩ ចំនួននេះនាងអាចបង្កើតបានត្រឹមពេល ២ ទៅ ៣ថ្ងៃ ខណៈនៅឆ្នាំ២០២០ នាងអាចធ្វើបានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នៅពេលដែលការលក់របស់ Viya កើនឡើង Alibaba នឹងផ្តល់ឱ្យនាងនូវទំនិញបន្ថែមទៀតដើម្បីផ្សព្វផ្សាយដល់ទស្សនិកជនយ៉ាងច្រើន។ ចរាចរណ៍តាមអ៉ីនធឺណេតកាន់តែកើនឡើង ការលក់របស់នាងកាន់តែធំ។ នាងបានក្លាយជាកំពូលអ្នកឡាយបន្តផ្ទាល់នៅលើ Taobao និងជាអ្នកដឹកនាំនៃសហគ្រាសឡាយ ដែលចូលរួមជាមួយក្រុមមនុស្សរាប់រយនាក់ និងពាណិជ្ជករជាច្រើន។​ កាលពីឆ្នាំមុន Viya បានធ្វើការឡាយចំនួន ៣១០វគ្គ ឬស្ទើរតែមួយវគ្គក្នុងមួយថ្ងៃ នេះបើយោងតាមរបាយការណ៍របស់ Xinhua Daily Telegraph នៅក្នុងខែមិថុនា។ នាងបានលក់ផលិតផលដែលមានតម្លៃ ៣៨.៦ ពាន់លានយ័ន (ប្រមាណជាង ៦ពាន់លានដុល្លារ)នៅលើ Taobao ក្នុងឆ្នាំ២០២០ ដែលស្មើនឹងប្រហែលមួយភាគបីនៃការលក់របស់ហាងទំនិញនៅសហរដ្ឋអាមេរិក Macy នៅទូទាំងពិភពលោក៕

អត្ថបទ៖ លីនី
ប្រភព៖ scmp