មហាសេដ្ឋីយីអ៊ុនដាក់ ៣រូប ត្រូវបានដាក់នាមថាជាអ្នកចាញ់ដ៏ធំបំផុតក្នុងឆ្នាំ២០២១ ក្រោយខាតបង់ទ្រព្យ​សម្បត្តិរាប់ពាន់លានដុល្លារ
បុគ្គលជោគជ័យ December 22, 2021 Khmernote

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ ទស្សនាវដ្ដី forbes បានចេញផ្សាយនូវមហាសេដ្ឋីកំពូលលំដាប់ពិភពលោកចំនួន ១០រូបដែលបានឃើញទ្រព្យសម្បត្តិធ្លាក់ចុះខ្លាំងជាងគេនៅក្នុងឆ្នាំ២០២១ នេះ។ ទ្រព្យសម្បត្តិរបស់សុទ្ធរបស់មហាសេដ្ឋីទាំងនោះបានធ្លាក់ចុះសរុបទាំងអស់ចំនួន ១៥២ ពាន់លានដុល្លារ ហើយក្នុងចំណោមពួកគេ ភាគច្រើនមហាសេដ្ឋីរបស់ប្រទេសចិន។

យ៉ាងណាមិញយោងតាម forbes ក្រុមការងារ khmernote Business បើកបង្ហាញកំពូលមហាសេដ្ឋី ៣រូប ដែលត្រូវបានគេស្គាល់ថាជាកំពូលមហាសេដ្ឋី និងបានខាតបង់ទ្រព្យច្រើនជាងគេ៖

១.លោក Colin Zheng Huang ស្ថាបនិកវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo បានបាត់បង ៦៤% នៃទ្រព្យសម្បត្តិរបស់គាត់នៅឆ្នាំនេះ ដោយសារភាគហ៊ុនរបស់ Pinduoduo បានធ្លាក់ចុះប្រហែលដូចគ្នា។ មហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិសុទ្ធ ២២.៤ បាន់លានដុល្លារ ហើយក្នុងឆ្នាំនេះ បានខាតបង់ទ្រព្យចំនួន​ ៤០.២ ពាន់លានដុល្លារ។

២.មហាសេដ្ឋី Jack Ma ដែលធ្លាប់ជាមហាសេដ្ឋីបំផុតរបស់ប្រទេសចិន ក្នុងឆ្នាំនេះហាកយីអ៊ុនដាក់ ដោយក្រុមហ៊ុន Alibaba ដ៏ល្បីមួយលើពិភពលោក ជួបបញ្ហាឥតល្ហែជាមួយនឹងនិយតកររដ្ឋាភិបាលចិន។ ដោយសារបញ្ហាកើតមានឥតឈប់ឈរ មហាសេដ្ឋីដែលមានទ្រព្យ ៣៧ ពាន់លានដុល្លាររូបនេះ បានខាតបង់ ២១.៤ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១ នេះ​។

៣. លោក Masayoshi Son មហាសេដ្ឋីជនជាតិជប៉ុន ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគយក្សរបស់ជប៉ុន Softbank Group មានទ្រព្យសម្បត្តិចំនួន ២៥.១ ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០២១ នេះ មហាសេដ្ឋីរូបនេះក៏មិនខុសពីមហាសេដ្ឋីចិន ២រូបខាងលើដែរ គឺត្រូវខាតបង់ទ្រព្យសម្បត្តិចំនួន ១៣.៦ពាន់លានដុល្លារ។ ភាពមិនច្បាស់លាស់របស់ក្រុមហ៊ុនចិនដែលមានបញ្ហាក៏ជះឥទ្ធិពលយ៉ាងធំទៅលើ លោក Masayoshi Son ដែល ពោលគឺ Softbank រាប់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាចិនជាច្រើនក្នុងចំណោមការវិនិយោគសំខាន់ៗរបស់ខ្លួន ដូចជា Alibaba ដែលជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ខ្លួន និងកម្មវិធីហៅទូរសព្ទ Didi Global ជាដើម៕

អត្ថបទ៖ លីនី
ប្រភព៖ forbes