ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអាទិត្យ បាននិយាយនៅគណនី Twitter ថា លោកនឹងបង់ពន្ធច្រើនជាង ១១ពាន់លានដុល្លារនៅឆ្នាំនេះ ហើយបង់ច្រើនជាងជនជាតិអាមេរិកណាទាំងអស់ ក្នុងប្រវត្តិសាស្រ្តនៅឆ្នាំនេះ។ កាលពីសប្តាហ៍មុន មហាសេដ្ឋីរូបនេះបានឈ្លោះជាមួយសមាជិកព្រឹទ្ធសភា Elizabeth Warren (D-Mass.) នៅលើ Twitter បន្ទាប់ពីនាងបានចោទប្រកាន់គាត់ថាមិនបានបង់ពន្ធគ្រប់គ្រាន់។
លោកស្រី Warren បានអំពាវនាវឱ្យមានការផ្លាស់ប្តូរចំពោះ “លេខកូដពន្ធក្លែងក្លាយ” របស់ប្រទេសនេះ ដើម្បីធានាថា Musk “ពិតជានឹងបង់ពន្ធ”។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានឆ្លើយតបភ្លាមៗដោយហៅលោកស្រី Warren ថា “សមាជិកព្រឹទ្ធសភា Karen” ហើយបាននិយាយថា៖ “គាត់នឹងបង់ពន្ធច្រើនជាងជនជាតិអាមេរិកណាទាំអស់នៅក្នុងប្រវត្តិសាស្ត្រនៅឆ្នាំនេះ” ។
ការត្រួតពិនិត្យលើការបង់ពន្ធរបស់លោកមហាសេដ្ឋី Elon Musk ធ្វើឡើងបន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ចំពោះផែនការរបស់គណបក្សប្រជាធិបតេយ្យក្នុងការបង្កើនពន្ធសម្រាប់ជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើន។
ជាមួយគ្នានេះ កាលពីសប្តាហ៍មុន Forbes បានប៉ាន់ប្រមាណថា មហាសេដ្ឋីវ័យក្មេង Musk ទំនងជាជំពាក់រដ្ឋាភិបាលសហព័ន្ធយ៉ាងហោចណាស់ ៨.៣ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១។ គិតត្រឹមថ្ងៃច័ន្ទនេះ ទ្រព្យសម្បត្តិសុទ្ធរបស់ Musk មានចំនួន ២៤៤.២ ពាន់លាននេះបើយោងតាមការប៉ាន់ប្រមាណរបស់ Forbes ដែលធ្វើឱ្យគាត់បច្ចុប្បន្នក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។
យ៉ាងណាមិញបើយោងតាមការស៊ើបអង្កេតរបស់ ProPublica ដែលបានចេញផ្សាយនៅក្នុងខែមិថុនា មហាសេដ្ឋី Elon Musk បានបង់ពន្ធលើប្រាក់ចំណូលតិចតួច ឬមិនបានបង់ពន្ធទាល់តែសោះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាក់ស្ដែងចន្លោះឆ្នាំ២០១៤ និង ២០១៨ មហាសេដ្ឋីដ៏ចម្លែករូបនេះ បានបង់ពន្ធលើប្រាក់ចំណូលសហព័ន្ធសរុបចំនួន ៤៥៥លានដុល្លារ បើទោះបីជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់បានកើនឡើងជាង ១៣ពាន់លានដុល្លារក៏ដោយ។ នៅក្នុងឆ្នាំ២០១៨ គាត់មិនបានបង់ពន្ធលើប្រាក់ចំណូលទាល់តែសោះ នេះបើយោងតាមរបាយការណ៍៕


អត្ថបទ៖ លីនី
ប្រភព៖ forbes


