មហាសេដ្ឋី Bill Gates មានលុយវាល់លាន តែហេតុអ្វីបានជាគាត់ចំណាយពេលលាងចានដោយខ្លួនឯង និងអានសៀវភៅជារៀងរាល់យប់?
បុគ្គលជោគជ័យ December 20, 2021 Khmernote

លោក Bill Gates ត្រូវបានគេស្គាល់ថា ជាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយគឺ Microsoft និងជាមហាសេដ្ឋីលំដាប់ពិភពលោក។ ទោះបីស្ថិតក្នុងជីវិតដ៏មានស្តុកស្ដម្ភទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ តែការរស់នៅរបស់មហាសេដ្ឋីរូបនេះ គឺសាមញ្ញមែនទែន ហើយភាពសាមញ្ញៗដែលគាត់ធ្វើនេះ គឺជួយគាត់បានច្រើនទាំងក្នុងការគិត និងការរស់នៅដែលយើងនឹកស្មានមិនដល់។

នៅលើ Reddit AMA ក្នុងឆ្នាំ២០១៤ លោក Bill Gates បាននិយាយថា គាត់តែងតែលាងចានបន្ទាប់ពីអាហារពេលល្ងាចរៀងរាល់យប់។ ការងារសាមញ្ញ​ៗ​នេះ ​គឺ​មាន​ប្រយោជន៍ណាស់ ​សម្រាប់​ការ​បន្ធូរ​បន្ថយ​ការ​ថប់​បារម្ភ និង​គិត​ឱ្យ​បាន​ច្រើន​អំពី​បច្ចុប្បន្នកាល។ លើសពីនេះទៅទៀត លោកថា លោកប្រើល្បិចសាមញ្ញមួយនេះ ដើម្បីជម្រះចិត្តគំនិតរបស់គាត់។

ដោយឡែកក្រៅពីការ លាងចាន មហាសេដ្ឋីវាល់លានរូបនេះ នៅមានទម្លាប់ដ៏សាមញ្ញមួយទៀត គឺការអានសៀវភៅ។ លោក Bill Gates បាននិយាយថា គាត់តែងតែចំណាយពេលអានសៀវភៅ ១ម៉ោងជារៀងរាល់យប់មុនពេលចូលដំណេក។ ការអាននេះ ជាផ្នែកមួយជួយឱ្យគាត់គេងលក់ស្រួល ដោយសារការបញ្ចប់ពេលវេលាមួយថ្ងៃដោយការអាន នឹងមិនត្រឹមតែជួយអ្នកឱ្យក្លាយជាមនុស្សដែលមានការបណ្តុះគំនិតកាន់តែច្រើននោះទេ តែវាជាមធ្យោបាយដ៏ល្អក្នុងការចូលទៅក្នុងសភាពស្ងប់ស្ងាត់ ដែលនឹងជួយអ្នកឱ្យគេងលក់ស្រួល៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur