ក្ដៅៗ! ប្រទេសថៃ នឹងបើកទទួលភ្ញៀវទេសចរមកពី ៤៦ប្រទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅដើមខែក្រោយ ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ
បុគ្គលជោគជ័យ October 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះបានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានប្រកាសបើកទ្វារប្រទេសទទួលអ្នកទេសចរមកពី ៤៦ប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែវិច្ឆិកាខាងមុខនេះតទៅ ជំនួសឱ្យការបើកទទួលអ្នកទេសចរមកពីប្រទេសមានហានិភ័យទាប ចំនួន ១០ ដែលបានប្រកាសកាលពីពេលមុន។

បើតាមសារព័ត៌មានដដែល អ្នកទេសចរមកពីប្រទេសចំនួន ៤៦ ដែលត្រូវបានចាត់ទុកថាជាក្រុមដែលមានហានិភ័យទាបដំបូងអាចចូលមកប្រទេសថៃតាមយន្តហោះដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ប្រសិនបើពួកគេបានចាក់វ៉ាកសាំងពេញលេញ និងមានភស្តុតាងនៃលទ្ធផលតេស្តអវិជ្ជមានមុនពេលហោះហើរ ប៉ុន្តែពួកគេក៏ត្រូវតម្រូវឱ្យធ្វើតេស្តម្ដងទៀតនៅពេលមកដល់។

ជាមួយគ្នានេះដែរ បើទោះបីជាលោក ប្រាយុធ ចានអូចា មិនបានបង្ហាញពីបញ្ជីឈ្មោះប្រទេសទាំង ៤៦ ដែលនឹងបើកឱ្យចូល តែក្រសួងការបរទេសបានប្រកាសឈ្មោះប្រទេសទាំង ៤៥ និងទឹកដីមួយភ្លាមៗ បន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្រ្តីរូបនេះ។ ជាក់ស្ដែងក្នុងចំណោមប្រទេសទាំងនោះក៏មានប្រទេសកម្ពុជាផងដែរ។

លោកប្រាយុធ បានលើកឡើងដូច្នេះថា៖ « ប្រសិនបើយើងរង់ចាំរហូតដល់អ្វីៗគ្រប់យ៉ាងល្អឡើងវិញ យើងនឹងយឺតពេល ហើយលើសពីនេះភ្ញៀវទេសចរអាចជ្រើសរើសទៅកន្លែងផ្សេងជំនួសប្រទេសថៃ»។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី 11 ខែតុលា នាយករដ្ឋមន្ត្រីបាននិយាយថា ភ្ញៀវទេសចរមកពី ១០ ប្រទេសនឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាប្រទេសថៃចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ដោយមិនចាំបាច់ធ្វើចត្តាឡីស័កក្រោមលក្ខខណ្ឌដូចគ្ន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost