ល្បីដល់ពិភពលោក! ដ្រូនដឹកមនុស្សរបស់កូនខ្មែរមួយក្រុម ល្បីខ្លាំងដល់បរទេសតាមរយៈសារព័ត៌មានធំៗ
បុគ្គលជោគជ័យ October 9, 2021 Khmernote

ដ្រូនដែលច្នៃប្រឌិតបង្កើតជាដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាន របស់និស្សិតកម្ពុជាកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បរទេស តាមរយៈសារព័ត៌មានអន្តរជាតិតូចធំជាច្រើន។ ដ្រូនដែលត្រូវបានច្នៃឡើងដោយនិស្សិតកម្ពុជា និងបានទទួលជោគជ័យដំណាក់កាលទី១ កាលពីខែកញ្ញា កន្លងទៅថ្មីនេះ ល្បីល្បាញយ៉ាងខ្លាំងលើបណ្ដាញសង្គម ហើយថ្មីៗនេះ កំពុងត្រូវបានចុះផ្សាយព្រោងព្រាតនៅលើសារព័ត៌មានអន្តរជាតិជាច្រើនផងដែរ។

អ្វីដែលកាន់តែធ្វើឱ្យកម្ពុជាមានមោទកភាព ក្រៅពីស្នាដៃ និងគំនិតច្នៃប្រឌិត របស់និស្សិតមួយក្រុមនេះ គឺការលើកមុខមាត់ប្រទេសជាតិ តាមរយៈការទាក់ទាញចំណាប់អារម្មណ៍បរទេស ធ្វើឱ្យបរទេសបានស្គាល់ពីសមត្ថភាពកូនខ្មែរ តាមរយៈការចុះផ្សាយ និងកោតសរសើររបស់សារព័ត៌អន្តរជាតិដូចជា Reuters, Channel New Asia ,World Economic Forum, Yahoo, Swissinfo, CGNT, Skyfilms, និង nypost.com ជាដើម។

គួរបញ្ជាក់ផងដែរថា ដ្រូនដឹកមនុស្សដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយសិស្សនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាហៅកាត់ថា NPIC។ ដ្រូននេះ ត្រូវបានគេដាក់ឈ្មោះឱ្យថា Human Carrier Drone ដែលទទួលបានជោគជ័យក្នុងដំណាក់កាលទី១ ក្រោយកែច្នៃអស់រយៈពេលជាង​ ១ឆ្នាំ។ គោលបំណងចម្បងបំផុត នៃការបង្កើតដ្រូន នេះឡើង គឺសម្រាប់មនុស្សជិះ ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងអាចជួយដល់ការពន្លត់អគ្គិភ័យបាន ខណៈដែលមានតំបន់ខ្លះពិបាកក្នុងការធ្វើដំណើរចូល៕

អត្ថបទ៖ លីនី