មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល គាំទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករ ដែលមិនមានសុវត្ថិភាពមកជារថយន្តមានសុវត្ថិភាពប្រសើរជាង
បុគ្គលជោគជ័យ October 2, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា​ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្តែងការគាំទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភខ្លាំងសម្រាប់កម្ពុជា។

ថ្លែងក្នុងកិច្ចពិគ្រោះយោបល់អំពីលទ្ធផល នៃការសិក្សាស្រាវជ្រាវស្តីពីលទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលមិនមានសុវត្ថិភាព មកជារថយន្តមានសុវត្ថិភាពប្រសើរជាង តាមប្រព័ន្ធហ្សូម ដែលអ្នកចូលរួមមកពីស្ថាប័នរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ប្រមាណជាង១៤០នាក់ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោកជំទាវ បានបញ្ជាក់ថា ការធ្វើដំណើរតាមមធ្យោបាយដែលគ្មានសុវត្ថិភាពរបស់កម្មករនិយោជិត គឺជាកង្វល់មួយដែលទាមទារការគិតគូរពីគ្រប់ភាគី។ លោកជំទាវ មានប្រសាសន៍ថា «យើងចាំបាច់ត្រូវតែជំរុញឱ្យមានការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតដែលមានសុវត្ថិភាពដូចជារថយន្តក្រុង ឬរថយន្តដែលមានកៅអីអង្គុយត្រឹមត្រូវ និងមានខ្សែក្រវាត់សុវត្ថិភាព»។

យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស ស្តីពីស្ថានភាពរថយន្តដឹកកម្មករនៅតាម រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គិតត្រឹមឆ្នាំ២០១៩ បានបង្ហាញថា អ្នកបើកបរបាន ប្រើប្រាស់រថយន្តដឹកទំនិញរហូតដល់ជាង២.៣០០គ្រឿង ដែលស្មើនឹង៦០ភាគរយនៃមធ្យោបាយធ្វើដំណើរសរុបរបស់កម្មករ។ ការដឹកកម្មករធ្វើឡើងដោយឈរ និងមានចំនួនច្រើន មានលក្ខណៈចង្អៀតពិបាកធ្វើចលនា ព្រមទាំងមានភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្នាប់ដែលធ្វើឱ្យប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជាក្រុមខ្ពស់។

របាយការណ៍ដដែល បានឱ្យដឹងថា គិតត្រឹមឆមាសទី១ឆ្នាំ២០២១ នេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជែង មានសរុប ១.៣៣៣ករណី ដោយក្នុងនោះមានកម្មករនិយោជិតស្លាប់ចំនួន៣៣នាក់ របួសធ្ងន់៣២៨នាក់ និងរបួស ស្រាល១.១៦៣នាក់។ ករណីគ្រោះថ្នាក់កើតឡើងភាគច្រើន ចំពោះរថយន្តដឹកកម្មករប្រភេទរថយន្តដឹកទំនិញ(រថយន្តកូរ៉េ) និងទោចក្រយានយន្ត។ ក្នុងឆមាសទី១ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍មកលើរថយន្តដឹកកម្មករ មានចំនួន៦ករណី ដោយមានជនរងគ្រោះសរុប ២៧៦នាក់។

លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការ ហៅកាត់ AIP Foundation ប្រចាំកម្ពុជា លើកឡើងថា ការផ្តល់មធ្យោបាយធ្វើដំណើរសមរម្យ និងមានសុវត្ថិភាពដល់កម្មករ និយោជិត មិនត្រឹមតែជួយបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករ និយោជិតទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលជាវិជ្ជមានយូរអង្វែង ចំពោះកិច្ចខិតខំដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ព្រមទាំងរួមចំណែកជួយដល់ប្រទេសកម្ពុជាឱ្យសម្រេចបាននូវគោលដៅសង្គ្រោះជីវិតដែលបានកំណត់ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ លោកថ្លែងថា «កិច្ចខិតខំដោះស្រាយលើបញ្ហានេះ ក៏នឹងជួយដល់ប្រទេសកម្ពុជាក្នុងការបន្តកាត់បន្ថយភាពក្រីក្រដែលអាចបង្កឡើង ដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករនិយោជិតដែលជាអ្នកផ្តល់ប្រភពចំណូលដ៏សំខាន់ដល់ក្រុមគ្រួសារ»។

បច្ចុប្បន្ន នៅកម្ពុជាមានកម្មករ និយោជិតជាង ៧០ម៉ឺននាក់ កំពុងធ្វើការនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងនោះភាគច្រើនលើសលប់ គឺស្រ្តីដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។ ភាគច្រើននៃពួកគេទាំងនោះ ប្រើមធ្យោបាយធ្វើដំណើររួមតាមប្រភេទរថយន្តដឹកទំនិញ(រថយន្តកូរ៉េ) ដោយឈរ និងមានចំនួនច្រើន មានលក្ខណៈចង្អៀតពិបាកធ្វើចលនា ព្រមទាំងមានភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជាក្រុមខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន