ទោះត្រូវរាតត្បាតដោយកូវីដ តែសេដ្ឋកិច្ចហ្វីលីពីន បង្ហាញកំណើនលឿនបំផុតមិនធ្លាប់មានក្នុងត្រីមាសទី២ នៃឆ្នាំ២០២១នេះ
បុគ្គលជោគជ័យ August 11, 2021 Khmernote

សេដ្ឋកិច្ចហ្វីលីពីនក្នុងត្រីមាសទី២ នៃឆ្នាំ​២០២១នេះ បានបង្ហាញពីកំណើនលឿនបំផុតមិនធ្លាប់មានអស់ពេលជាងបីទសវត្សរ៍មកនេះ បើធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមទីភ្នាក់ងារស្ថិតិរបស់ហ្វីលីពីន បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ បានកើនឡើង ១១.៨% ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ១៩៨៨ ដោយសារតម្រូវការក្នុងស្រុកមានភាពប្រសើរឡើង។

ទោះជាយ៉ាងនេះក្ដី រដ្ឋលេខាធិការផែនការសេដ្ឋកិច្ចសង្គមលោក Karl Chua បានព្រមានថា ក្តីសង្ឃឹមសម្រាប់កំណើនវិជ្ជមានជាបន្តបន្ទាប់អាចត្រូវបានលុបចោល ដោយការជាប់គាំងរយៈពេលពីរសប្តាហ៍នាពេលបច្ចុប្បន្ននៅក្នុងតំបន់រដ្ឋធានីដែលមានចំនួនមួយភាគបីនៃសេដ្ឋកិច្ច និងតំបន់ផ្សេងទៀតដែលមានគោលបំណងបន្ថយការរីករាលដាលនៃវីរុសកូវីដ-១៩ ប្រភេទថ្មី Delta។

ជាមួយគ្នានេះលោកបានបន្ថែមថា ការដាក់ឲ្យនៅដាច់ដោយឡែកក្នុងសហគមន៍កាន់តែយូរ ហ្វីលីពីនកាន់តែមានហានិភ័យក្នុងការសម្រេចគោលដៅរបស់ខ្លួន។ ខណៈការរឹតបន្តឹងតឹងរ៉ឹងដែលរួមមានការហាមឃាត់ការទទួលទានអាហារនៅភោជនីយដ្ឋាន និងការដាក់បំរាមគោចរពេលយប់ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ចប្រហែល ៣ ពាន់លានដុល្លារក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសហ្វីលីពីនមានលើសពី ១.៦ លាននាក់ ដែលជាចំនួនករណីឆ្លងខ្ពស់បំផុតទី២ នៅអាស៊ីអាគ្នេយ៍៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus