ម្ចាស់ក្រុមហ៊ុន CP និងជាមហាសេដ្ឋីថៃ ប្រកាសសាងសង់រោងចក្រផលិតឱសថបុរាណពីរុក្ខជាតិ Fah talai jone ឬ ដើមប្រមាត់មនុស្ស សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
បុគ្គលជោគជ័យ August 7, 2021 Khmernote

កំពូលមហាសេដ្ឋីមានជាងគេបំផុតនៅប្រទេសថៃ និងជាម្ចាស់ក្រុមហ៊ុន CP Group បានប្រកាសថា ក្រុមហ៊ុនរបស់គាត់នឹងសាងសង់រោងចក្រផលិតឱសថបុរាណដែលចម្រាញ់ចេញពីរុក្ខជាតិដែលមានឈ្មោះថា Fah talai jone ឬ ខ្មែរយើងស្គាល់ថាជាដើម «ប្រមាត់មនុស្ស» ដើម្បីព្យាបាលជំងឺកូវីដ-១៩ ខណៈប្រទេសថៃកំពុងប្រឈមនឹងរលកទី៣ នៃការឆ្លងក្នុងប្រទេស។

លោក Dhanin Chearavanont ប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនធំរបស់ថៃ Charoen Pokphand Group បាននិយាយនៅសប្តាហ៍នេះថាគាត់កំពុងរៀបចំដីប្រហែល ១០០រ៉ៃ (១៦ ហិកតា) របស់ក្រុមហ៊ុន CP Group នៅខេត្ត Saraburi ដើម្បីដាំដុះរុក្ខជាតិ Fah talai jone ខណៈរុក្ខជាតិនេះត្រូវបានគេប្រើចម្រាញ់ជាឱសថដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលត្រូវបានអនុម័តដោយក្រសួងសុខាភិបាលនាពេលថ្មីៗនេះ។

ប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនរុបនេះបានបន្តឱ្យដឹងថា ចម្ការនេះមានទីតាំងប្រហែល ១០០ គីឡូម៉ែត្រខាងជើងទីក្រុងបាងកក ហើយនឹងចំណាយពេលប្រហែល ១០០ថ្ងៃ ដើម្បីឱ្យរុក្ខជាតិទុំ និងកែច្នៃជាថ្នាំ។ ជាមួយគ្នានេះក្រុមហ៊ុនក៏នឹងសាងសង់រោងចក្រមួយ ដើម្បីប្រែក្លាយរុក្ខជាតិនេះទៅជាថ្នាំគ្រាប់ ហើយចែកចាយជាសាធារណៈដោយឥតគិតថ្លៃ។ ដោយចម្ការ និងផលិតកម្មដ៏ធំរបស់ក្រុមហ៊ុន CP Group នឹងដោះស្រាយបញ្ហាខ្វះខាតថ្នាំនេះ និងអនុញ្ញាតឱ្យអ្នកដែលមានរោគសញ្ញាស្រាល អាចព្យាបាល និងជាសះស្បើយពីជំងឺដោយខ្លួនឯងបាននៅតាមផ្ទះ។ ទោះជាយ៉ាងណា លោក Dhanin មិនបានផ្តល់សេចក្តីលម្អិតណាមួយអំពីថវិកាសម្រាប់រោងចក្រ ដើម្បីផលិតថ្នាំនេះឡើយ ប៉ុន្តែលោកបានបង្ហើបថា នឹងតិចជាង ១០០ លានបាត (៣.១ លានដុល្លារ) ដែលក្រុមហ៊ុននេះបានចំណាយលើរោងចក្រផលិតម៉ាស់កាលពីឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា រុក្ខជាតិ Fah talai jone ដែលត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា green chiretta ឬ creat គឺជារុក្ខជាតិ ហើយនៅក្នុងប្រទេសកម្ពុជាយើងហៅថា «ដើមប្រមាត់មនុស្ស» គឺជារុក្ខជាតិដែលមានដើមកំណើតនៅឥណ្ឌា និងស្រីលង្កា។ វាត្រូវបានគេប្រើយ៉ាងទូលំទូលាយអស់ជាច្រើនសតវត្សមកហើយ នៅក្នុងប្រទេសថៃនិងប្រទេសជិតខាងមួយចំនួន ដើម្បីព្យាបាលការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ និងកាត់បន្ថយការរលាក និងក្អក។

គួររម្លឹកថា រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យប្រើប្រាស់ឱសថបុរាណដែលផ្សំឡើងពីរុក្ខជាតិ Fah talai jone ឬ ដើមប្រមាត់មនុស្ស ចាប់តាំងពីខែកក្កដាមក បន្ទាប់ពីមើលឃើញពីប្រសិទ្ធភាពរបស់ឱសថនេះ ក្នុងការដាក់ឱ្យប្រើប្រាស់សាកល្បងលើអ្នកជំងឺប្រភេទស្រាលនៅក្នុងពន្ធនាគារដែលក្នុងនោះ ៩៩% ក្នុងចំណោម ១១,៨០០ នាក់បានធូរស្បើយ៕

អត្ថបទ៖ លីនី
ប្រភព៖ nikkei