វៀតណាម វ៉ាដាច់បង់ក្លាដែស ក្លាយជាប្រទេសនាំចេញសំលៀកបំពាក់ធំជាងគេទី ២ របស់ពិភពលោក
បុគ្គលជោគជ័យ August 4, 2021 Khmernote

យោងតាមស្ថិតិពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) វៀតណាមបានវ៉ាដាច់ប្រទេសបង់ក្លាដែសកាលពីឆ្នាំមុន បីក្លាយជាប្រទេសនាំចេញសំលៀកបំពាក់ធំជាងគេទី២ របស់ពិភពលោក ជាមួយនឹងចំណូលចំនួន ២៩ ពាន់លានដុល្លារអាមេរិក។ ស្ថិតិដដែលបានបង្ហាញថា ក្នុងឆ្នាំ២០២០ វៀតណាមទទួលបានចំណែកទីផ្សារពិភពលោក ៦.៤% តិចជាងចិន ៣១.៦% ខណៈនៅឆ្នាំ ២០១៩ វៀតណាមមានចំណែកតែ ២.៩%ប៉ុណ្ណោះ។ ជាមួយគ្នានេះ ទិន្នផលសំលៀកបំពាក់បង់ក្លាដែស បានធ្លាក់ចុះកាលពីឆ្នាំមុនដោយសារក្រុមហ៊ុនភាគខាងលិចជាច្រើនបានលុបចោលការបញ្ជាទិញ ឬ ពន្យារពេលទូទាត់ប្រាក់ ហើយរោងចក្រកាត់ដេរបានបិទទ្វារចំពេលមានជំងឺរាតត្បាតកូវីដ-១៩។

លោកសាស្ត្រាចារ្យ Mustafizur Rahman ដែលជាអ្នកជំនាញនៅមជ្ឈមណ្ឌលសន្ទនាគោលនយោបាយរបស់ប្រទេសបង់ក្លាដែសបាននិយាយថា ការគ្រប់គ្រងបានល្អរបស់វៀតណាមចំពោះជំងឺរាតត្បាតនៅឆ្នាំ២០២០ គឺជាកត្តារួមចំណែកមួយក្នុងការជំរុញផលិតកម្ម និងការនាំចេញសម្លៀកបំពាក់ ខណៈឧស្សាហកម្មកាត់ដេររបស់វៀតណាម មានចំនួនលើសពីប្រទេសបង់ក្លាដែស ទាក់ទងនឹងកម្លាំងពលកម្មនិងផលិតភាពដើមទុន និងការធ្វើពិពិធកម្មផលិតផល។

គួរបញ្ជាក់ផងដែរថា យោងតាមការិយាល័យស្ថិតិទូទៅ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ការនាំចេញសម្លៀកបំពាក់និងវាយនភណ្ឌរបស់វៀតណាមមានតម្លៃ ១៨.៦ ពាន់លានដុល្លារកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាង ១៤% ។​ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបាននិយាយថា ទីផ្សារនាំចេញធំៗ មួយចំនួនដូចជា អាមេរិកនិងអឺរ៉ុប មានតម្រូវការសម្លៀកបំពាក់និងស្បែកជើងខ្ពស់ជាងមុនចំពេលមានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ ចនិងការបញ្ចប់គម្លាតសង្គម ដែលនេះជាលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមដើម្បីសម្រេចបានគោលដៅនាំចេញចំនួន ៣៩ ពាន់លានដុល្លារនៅឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress