មហាសេដ្ឋី Bill Gates សារភាពថា លោកបានបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយអតីតភរិយា ដោយការលែងលះ គឺជាកំហុសរបស់គាត់
បុគ្គលជោគជ័យ July 15, 2021 Khmernote

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានសារភាពថា លោកបានបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់លោកជាមួយអតីតភរិយា គឺលោកស្រី Melinda French Gates នេះបើយោងតាមរបាយការណ៍របស់ New York Post។ គេហទំព័រនេះបានរាយការណ៍ថា មហាសេដ្ឋីរូបនេះបានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេល សំណួរនិងចម្លើយនៅឯសន្និសិទ Sun Valley កាលពីសប្ដាហ៍មុន។

ជាមួយគ្នានេះដែរ​ យោងតាមការកត់ត្រាពីកាសែត The Independent បានឱ្យដឹងថា ពិធីករ CNBC លោក Becky Quick បានស្នើសុំឱ្យលោក Gates និយាយអំពីការលែងលះរបស់គាត់និងអតីតភរិយា ដែលអ្នកទាំងពីរបានប្រកាសនៅខែឧសភាឆ្នាំនេះ បន្ទាប់ពីរៀបការអស់រយៈពេល ២៧ ឆ្នាំ។

អ្នកកត់ត្រាបានរាយការណ៍ថា ពេលនោះមានអ្នកចូលរួមក្នុងសន្និសីទដែលមិនស្គាល់អត្តសញ្ញាណបានប្រាប់ The Independent ថា លោក Bill Gates បានសារភាព គាត់បានធ្វើខុស។ ហើយអ្នកកត់ត្រាបន្ថែមថា បើផ្អែកតាមរឿងជាក់ស្ដែង (ការលែងលះ) គឺជាកំហុសរបស់គាត់។

មិនតែប៉ុណ្ណោះទេ គេហទំព័រ Business Insider ថែមទាំងបានរាយការណ៍ថា អ្នកចូលរួមបានកត់សម្គាល់ថាលោក Bill Gates បាននិយាយទាំងទឹកភ្នែករលីងរលោងទៀតផង។ ទោះជាយ៉ាងនេះក្ដី មិនមានប្រភពណាមួយបង្ហាញថា តើកំហុសដែលលោកសាងនោះមកពីរឿងអ្វីដែរ ខណៈមហាសេដ្ឋីរូបនេះក៏មិនបកស្រាយលម្អិតដូចគ្នា។

គួររម្លឹកផងដែរថា ចាប់តាំងពីមហាសេដ្ឋី Bill Gates បានប្រកាសលែងលះគ្នានៅលើគណនី Twitter របស់គាត់ ក៏លេចលឺនូវពាក្យចចាមអារាមថា លោកមានសម្ព័ន្ធសេ្នហាស៊ីជម្រៅជាមួយបុគ្គលិកស្រីរបស់ខ្លួន។ ក្រោយមកកាសែត​ Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Microsoft បានធ្វើការស៊ើបអង្កេតលើលោក Bill Gates ក្នុងអំឡុងឆ្នាំ ២០១៩ ចំពោះការចោទប្រកាន់ដែលថា រូបគាត់មានទំនាក់ទំនងជាមួយសមាជិកក្រុមរបស់គាត់៕

អត្ថបទ៖​ លីនី
ប្រភព៖ entrepreneur