អស្ចារ្យណាស់! យុវជនខ្មែរមួយរូប ទទួលបានជោគជ័យលើការផលិតឧបករណ៍ស្រោចដំណាំតាមប្រព័ន្ធទូរស័ព្ទ
បុគ្គលជោគជ័យ July 12, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួង​ព័ត៌មានបានឱ្យដឹងថា យុវជនខ្មែរមួយរូបទទួលបានជោគជ័យលើការផលិតឧបករណ៍ស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទ ដែលមានភាព ងាយស្រួលក្នុងការ ស្រោចស្រពដំណាំពីចម្ងាយ ដោយគ្រាន់តែបញ្ជាតាមទូរសព្ទដៃ ដើម្បីកាត់បន្ថយកម្លាំងពលកម្ម។

លោក ញ៉ សុភាព ជាយុវជនខ្មែរមួយរូប បានរៀនសូត្រផ្នែកបច្ចេកវិទ្យា និងជាសហស្ថាបនិកដំឡើងឧបករណ៍កម្មវិធីស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទ (Smart Farm Assistance) បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានសហការ និងសិក្សាស្រាវជ្រាវកែច្នៃឧបករណ៍ស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទដៃនេះ អស់រយៈពេលជាង ២ឆ្នាំមកហើយ ដើម្បីសម្រួលដល់ការស្រោចស្រពដំណាំដល់ប្រជាកសិករ តាមរយៈការប្រើប្រាស់កម្មវិធីតាមទូរសព្ទដៃនេះ។

លោកបន្តថា សម្រាប់ឧបករណ៍ ដែលបានបង្កើតឡើងតាមប្រព័ន្ធទូរសព្ទនេះ មានពីរប្រភេទដូចជា៖ ទី១. ការបញ្ជាវ៉ានទឹកតាមទូរសព្ទដៃ, ទី២. ការបញ្ជាម៉ូទ័រទឹកតាមទូរសព្ទដៃ និងមានចំណុច ពិសេសមួយទៀតសម្រាប់ការបញ្ជានេះ គឺមិនត្រូវការប្រើប្រាស់អ៊ីនធើណិតទេ ដែលយើងគ្រាន់តែត្រូវការស៊ីម កាត សម្រាប់ប្រើប្រាស់ដែលមានសេវាធម្មតាជាការស្រេច។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យជួយគាំទ្រផលិតផលដែលជារបស់ខ្មែរ ដែលកូនខ្មែរយើងធ្វើបាន ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើន បាន នាំចូលនូវផលិតផលកែច្នៃគ្រប់ប្រភេទ ។លោកបានបញ្ជាក់ថា យើងចង់ឲ្យប្រជាពលរដ្ឋជួយគាំទ្រ នូវស្នាដៃរបស់កូនខ្មែរបង្កើតឡើង លើបច្ចេកវិទ្យាកសិកម្មដែលវាមានសារសំខាន់សម្រាប់ប្រជាកសិករ។

សូមបញ្ជាក់ថា លោកនិងក្រុមការងារបានបង្កើតឧបករណ៏កម្មវិធីស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទដៃតាំងពីឆ្នាំ២០១៩ និងមានសមាជិកចំនួន៦នាក់ ។ សម្រាប់តម្លៃនៃឧបករណ៍នោះ រួមមាន៖ ទី១. កម្មវិធីការបញ្ជាវ៉ានទឹកតាមទូរសព្ទដៃ មានតម្លៃ៩០ដុល្លារ ,និងទី២. កម្មវិធីការបញ្ជាម៉ូទ័រទឹកតាមទូរស័ព្ទដៃ មានតម្លៃ១០០ដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន