បែកធ្លាយ! មហាសេដ្ឋីកំពូលៗរបស់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុនល្បីៗជាច្រើនរូប គេចវេះមិនបង់ពន្ធជូនរដ្ឋ
បុគ្គលជោគជ័យ June 10, 2021 Khmernote

សារព័ត៌មាន entrepreneur កាលពីថ្ងៃទី០៨ ខែមិថុនា កន្លងទៅនេះបានចុះផ្សាយថា មានមហាសេដ្ឋីកំពូលៗ និងជាម្ចាស់ក្រុមហ៊ុនលំដាប់ៗរបស់ពិភពលោកជាច្រើនរូប បានគេចវេះពីការបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋ។ យោងតាម ការស៊ើបអង្កេតរបស់ ProPublica បានឱ្យដឹងថា កំពូលមហាសេដ្ឋីលំដាប់ពិភពលោកជាច្រើនដែលគេចវេសមិនចង់បង់ពន្ធរួមមាន៖ លោក Elon Musk, Jeff Bezos, Warren Buffett, Michael Bloomberg, Carl Icahn, George Soros។

ផ្អែកតាមការស៊ើបអង្កេតរបស់ ProPublica បានឱ្យដឹងទៀតថា នាយកប្រតិបត្តិ Tesla លោក Elon Musk ដែលជាអ្នកមានបំផុតទី ២ នៅលើពិភពលោកមិនបានបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋឡើយ។ ហើយ Musk ក៏មិនមែនជាអ្នកមានតែម្នាក់នោះឡើយដែលគេចវេសពីការបង់ពន្ធប្រាក់ចំណូលក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះទេ។ ជាក់ស្ដែង បើតាមឯកសារពន្ធដែល ProPublica បានប្រមូល និងស្រាជ្រាវ រយៈពេលជាង ១៥ ឆ្នាំមកនេះបង្ហាញថា លោក Elon Musk បានបង់ពន្ធក្នុងចំនួនតិចតួចណាស់ ហើយក្នុងឆ្នាំ២០១៨ មហាសេដ្ឋីរូបនេះមិនបានបង់ពន្ធជូនរដ្ឋឡើយ។

ទន្ទឹមនឹងនេះដែរ មហាសេដ្ឋីលំដាប់ទី១ លើលោក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ក្នុងឆ្នាំ២០១៧ មិនបានបង់​ពន្ធលើប្រាក់ចំណូលនោះទេ។ ក្រៅពីមហាសេដ្ឋីរាប់ពាន់លានដុល្លារ Jeff Bezos កំពូលអ្នកវិយោគ និងជាម្ចាស់អាជីវកម្ម​រាប់រយមុខ លោក Warren Buffett ក៏គេចវេសមិនបង់ពន្ធច្រើនបំផុតក្នុងរយៈពេលបួនឆ្នាំដែរ។

មិនតែប៉ុណ្ណោះ អតីតអភិបាលក្រុងញូវយ៉កលោក Michael Bloomberg ក៏បានធ្វើដូចគ្នាទៅនឹងលោក Elon Musk នៅប៉ុន្មានឆ្នាំថ្មីៗនេះដែរ។ ខណៈអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យនិងអ្នកវិនិយោគសកម្មជនលោក Carl Icahn បានគេចវេសបង់ពន្ធលើប្រាក់ចំណូលពីរដង ខណៈដែលអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យមហាសេដ្ឋី George Soros មិនបានបង់ពន្ធលើប្រាក់ចំណូលក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា ទិន្នន័យដែលទទួលបានដោយ ProPublica បង្ហាញនូវអ្វីដែលមិនធ្លាប់មានពីមុនមកក្នុងជីវិតហិរញ្ញវត្ថុរបស់អ្នកមានបំផុតរបស់អាមេរិក រួមទាំងមហាសេដ្ឋីចិត្តធម៌ Bill Gates និងនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg រួមទាំងមហាសេដ្ឋីជាច្រើនទៀត។ ProPublica បានបង្ហាញទៀតថា លិខិតបញ្ជាក់ពន្ធមិនត្រឹមតែបង្ហាញថាតើមហាសេដ្ឋីទាំងនេះមានប្រាក់ចំណូលប៉ុន្មាន និងចំនួនប៉ុន្មានដែលពួកគេបានបង់ពន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការជួញដូរភាគហ៊ុន ការវិនិយោគ ការឈ្នះឆ្នោតនិងលទ្ធផលសវនកម្មផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur