ឃើញគេធ្វើរឿងងាយៗឱ្យទៅជាស្មុគស្មាញ បុរសម្នាក់នេះចេញធ្វើវីដេអូ TikTok រកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយវីដេអូ
បុគ្គលជោគជ័យ May 27, 2021 Khmernote

ដូចដែលយើងបានដឹងរួចមកហើយថា កម្មវិធី TikTok គឺជាវេទិកាផ្សព្វផ្សាយសង្គមមួយដែលកំពុងពេញនិយមយ៉ាងខ្លាំងពីសំណាក់មនុស្សគ្រប់វ័យ។ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានក្លាយជាប្រភពនៃការកម្សាន្តដ៏ពេញនិយមសម្រាប់ធ្វើវីដេអូខ្លីៗ របស់មនុស្សគ្រប់វ័យគ្រប់មជ្ឈដ្ឋាន ដោយចែករំលែកវីដេអូជាច្រើនប្រភេទដូចជា ការចំអិនម្ហូប វិធីថែរក្សាសម្រស់ ការរាំ វីដេអូបែបកំប្លែង និងវីដេអូកម្សាន្តជាច្រើនប្រភេទទៀត ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះមានភាពល្បីល្បាញ ហើយអាចរកប្រាក់បានតាមរយៈកម្មវិធីមួយនេះទៀតផង។

ជាក់ស្ដែង យុវជនវ័យ ២១ ឆ្នាំមួយរូប ដែលមានឈ្មោះថា Khaby Lame (ឈ្មោះពិត Khabane Lame) កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើ TikTok ដោយមានអ្នកគាំទ្រ (followers) ជាង ៥០លាននាក់ និងអ្នកទស្សនាវីដេអូ​របស់បុរសរូបនេះ ដល់ទៅរាប់លាននាក់ឯណោះ ដែលធ្វើឱ្យគាត់ក្លាយជាបុគ្គលដ៏សំខាន់សម្រាប់ការឧបត្ថម្ភលើការបង្ហោះលើបណ្តាញសង្គម។ បើយោងតាមគេហទំព័រ Celebs Life Reel តារា TikTok ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសអ៉ីតាលីរូបនេះ អាចរកប្រាក់បានចន្លោះពី ១៣,៣៨០ ទៅ ២២,៣០០ ដុល្លារក្នុងមួយវីដេអូដែលបានផុស។

ឆ្ងល់អត់ហេតុអ្វីបានជា Khaby Lame ល្បីខ្លាំងនៅលើ TikTok ហើយអាចរកប្រាក់បានច្រើនបែបនេះ តាមរបៀបណា? ជាការពិតណាស់ ខណៈមនុស្សជាច្រើនបានបង្ហោះវីដេអូកម្សាន្ត ដើម្បីព្យាយាមទាក់ទាញអ្នកទស្សនាក៏ដូចជាអ្នកគាំទ្រ យុវជន Khaby បានកសាងភាពល្បីល្បាញតាមរយៈការបង្កើត និងបង្ហោះវិដេអូ​កំប្លែង ជាមួយការលេងទឹកមុខស្ងួត ឆ្លើយតបទៅនឹងប្រភេទវីដេអូបែប “life hacks” ជាមួយវិធី ឬ ដំណោះស្រាយដែលងាយស្រួល និងសាមញ្ញបំផុត។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ អ្នកគាំទ្រម្នាក់បានខមិនថា “ ខ្ញុំចូលចិត្តរៀនពីបុរសនេះជាងនៅសាលា” ។ ការចុះខមិនមួយទៀតសរសេរថា “តើសាលាមានចំណុចអ្វីសំខាន់ នៅពេលដែលយើងមាន Khaby?” ហើយអ្នកប្រើប្រាស់ TikTok ម្នាក់បានអត្ថាធិប្បាយថា “តើអ្វីដែលជាចំណុចពិសេសរបស់បុរសម្នាក់នេះ? នោះគឺ គាត់បានកែតម្រូវមនុស្សដែលកំពុងធ្វើខុសនៅពេលដែលយើងដឹងច្បាស់ថាត្រូវធ្វើយ៉ាងម៉េច ហើយគាត់រកលុយបានតាមវិធីនេះ” ៕

អត្ថបទ៖ លីនី
ប្រភព៖ distractify