ប្រទេសជប៉ុនអាចពិចារណាបញ្ឈប់ជំនួយសេដ្ឋកិច្ចដល់មីយ៉ាន់ម៉ា ដោយសាររឿងមួយនេះ
បុគ្គលជោគជ័យ May 22, 2021 Khmernote

លោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា ក្រសួងរបស់លោកអាចពិចារណាបញ្ឈប់ជំនួយសេដ្ឋកិច្ចរបស់ប្រទេសក្នុងពេលបច្ចុប្បន្ននេះ ដល់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលយោធាកំពុងគាបសង្កត់ក្រុមបាតុករ។ យោងតាមការចុះផ្សាយរបស់ NHk ក៏បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចរួចហើយថា មិនផ្តល់ជំនួយថ្មីនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួន ឬ (ODA) ដល់មីយ៉ាន់ម៉ាទេ ប៉ុន្តែប្រាក់កម្ចីរាប់សិបយ៉េន និងកម្មវិធីផ្តល់ជំនួយដែលត្រូវបានចុះហត្ថលេខានៅតែបន្ត។

លោក Motegi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ប្រជាជនមីយ៉ាន់ម៉ា និងសហគមន៍អន្តរជាតិសង្ឃឹមថាស្ថានភាពនៅក្នុងប្រទេសនេះនឹងមានភាពល្អប្រសើរនាពេលឆាប់ៗនេះ។

លោកបានមានប្រសាសន៍ថា ប្រសិនបើស្ថានការណ៍នៅតែបន្តកើតមាននោះជប៉ុននឹងត្រូវពិចារណាឡើងវិញនូវជំនួយរបស់ខ្លួនដែលកំពុងដំណើរការ។ រដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះក៏បានបន្ថែមទៀតថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះ ខណៈពេលកំពុងឃ្លាំមើលកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕

អត្ថបទ៖ លីនី
ប្រភព៖ nhk