ស្ទើរមិនគួរឱ្យជឿ! កំពូលមហាសេដ្ឋី Bill Gates និង ភរិយា បានប្រកាសលែងលះគ្នា បន្ទាប់ពីរៀបការបាន ២៧ ឆ្នាំ
បុគ្គលជោគជ័យ May 4, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ bbc កាលពីព្រឹកមិញនេះបានឱ្យដឹងថា កំពូលមហាសេដ្ឋីលោក Bill Gates និងប្រពន្ធរបស់គាត់គឺលោកស្រី Melinda Gates បានប្រកាសលែងលះគ្នា បន្ទាប់ពីរៀបការអស់​រយៈពេល ២៧ ឆ្នាំដោយនិយាយថា “យើងលែងជឿថាយើងអាចរួមរស់ជាមួយគ្នាបានដូចប្តីប្រពន្ធទៀតហើយ”។

អ្នកទាំងពីរបានសរសេរនៅលើគណនី Twitter របស់ពួកគេថា “ បន្ទាប់ពីការគិតគូរយ៉ាងល្អិតល្អន់ និងការធ្វើរឿងជាច្រើនលើទំនាក់ទំនងរបស់យើង យើងបានសំរេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់យើង” ។

គួរបញ្ជាក់ផងដែរថា លោក Bill Gates និង លោកស្រី Melinda Gates បានជួបគ្នា លើកដំបូងនៅទសវត្សឆ្នាំ ១៩៨០ នៅពេលដែល Melinda បានចូលរួមជាមួយក្រុមហ៊ុន Microsoft របស់ Bill ។ ប្តីប្រពន្ធមហាសេដ្ឋីនេះ មានកូនបីនាក់ហើយរួមគ្នាគ្រប់គ្រងមូលនិធិ Bill and Melinda Gates។

អង្គការនេះ បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងបុព្វហេតុដូចជា ជំងឺឆ្លង និងលើកទឹកចិត្តការចាក់វ៉ាក់សាំងលើកុមារ។ យ៉ាងណាមិញ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Bill Gates គឺជាអ្នកមានបំផុតទី ៤ នៅលើពិភពលោកនិងមានទ្រព្យសម្បត្តិចំនួន ១២៤ ពាន់លានដុល្លារ។ គាត់រកលុយបានតាមរយៈក្រុមហ៊ុនដែលគាត់បានបង្កើតនៅទសវត្សឆ្នាំ ១៩៧០ នោះ គឺ ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុន software ធំជាងគេបំផុតនៅលើពិភពលោក៕

អត្ថបទ៖ លីនី
ប្រភព៖ bbc