ថៃ រំពឹងថាការចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរអាចលោតដល់ជាង ២៨លានដុល្លារ ក្នុងឱកាសឈប់សម្រាកបុណ្យសង្រ្កានឆ្នាំនេះ
បុគ្គលជោគជ័យ April 3, 2021 Khmernote

សាកលវិទ្យាល័យពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរអាចលោតដល់ ៦៤% ស្មើនឹង ១១៣ ពាន់លានបាត (ប្រហែលជាង ២៨លានដុល្លារអាមេរិក) ក្នុងឱកាសឈប់សម្រាកបុណ្យសង្រ្កានឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំមុនដោយសារការរឹតត្បិតការធ្វើដំណើរយ៉ាងតឹងរឹងដើម្បីទប់ស្គាត់ការឆ្លងជំងឺ Covid-19។

Songkran Festival in Phra Nakhon Si Ayutthaya

លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបាននិយាយក្នុងសន្និសីទកាសែតថា ការចំណាយក្នុងអំឡុងពេលពិធីបុណ្យសង្រ្កានក្នុងឆ្នាំ២០២០ កឺមានកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៩ឆ្នាំកន្លងមកនេះ។ លោកបានបន្ថែមថា​ ប្រជាជននៅតែមានការព្រួយបារម្ភពីជំងឺ Covid-19 ហើយពួកគេមានអារម្មណ៍ថា សេដ្ឋកិច្ចមិនទាន់ងើបឡើងវិញនៅឡើយទេ ដោយបន្ថែមថា ការចំណាយមុនពេលរាតត្បាតឆ្នាំ២០១៩ មានចំនួន ១៣៦ ពាន់លានបាត។

គួររម្លឹកផងដែរថា កាលពីឆ្នាំមុនប្រទេសថៃមិនបានរៀបចំពិធីបុណ្យសង្រ្កាននោះទេ ដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19 បានបង្ខំឲ្យរដ្ឋាភិបាលដាក់បម្រាមយ៉ាងតឹងរឹង។ ដោយឡែកក្នុងឆ្នាំនេះ រដ្ឋាភិបាលសម្រេចឲ្យប្រារព្ធពិធីបុណ្យនេះឡើងវិញ ប៉ុន្តែមិនអនុញ្ញាតឲ្យលេងបាញ់ទឹក ឬ ជួបជុំធំៗដូចរាល់ឆ្នាំឡើយ៕​

អត្ថបទ៖ លីនី់
ប្រភព៖ bangkokpost