មហាសេដ្ឋី Elon Musk ព្យាករណ៍ថា ប្រទេសចិននឹងក្លាយជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក និងជាទីផ្សារធំរបស់ក្រុមហ៊ុន Tesla
បុគ្គលជោគជ័យ March 27, 2021 Khmernote

ខណៈលោក Bill Gates បានបញ្ចេញការព្យាករណ៍ផ្សេងៗអំពីអនាគត អ្នកជំនួញ Elon Musk ក៏បានលើកឡើងលើការព្យាករណ៍របស់ខ្លួនផងដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន entrepreneur មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានព្យាករណ៍ថា ប្រទេសចិននឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកហើយនឹងក្លាយជាទីផ្សារដ៏សំខាន់របស់ក្រុមហ៊ុន Tesla ទាក់ទងនឹងការផលិត រួមទាំងការលក់។

លើសពីនេះទៅទៀត នាយកប្រតិបត្តិក្រុមហ៊ុន SpaceX ក៏បានព្យាករណ៍ពីអនាគតដ៏ជោគជ័យសម្រាប់ប្រទេសអាស៊ីមួយនេះផងដែរ។ លោក Elon Musk បានប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua ថា ” ខ្ញុំសូមផ្តល់នូវគំនិតសុទិដ្ឋិនិយមមួយ ហើយខ្ញុំប្រាកដថាអនាគតនៃប្រទេសចិននឹងមានភាពអស្ចារ្យ ហើយប្រទេសចិនកំពុងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក” ។

ដោយសំដៅទៅលើលទ្ធភាពដែលប្រទេសចិនផ្តល់ឱ្យ ក្រុមហ៊ុន Tesla បាននិយាយថា “ ក្នុងរយៈពេលវែងប្រទេសចិននឹងក្លាយជាទីផ្សារធំបំផុតរបស់យើង ទាំងកន្លែងដែលយើងនឹងផលិតយានយន្តច្រើនជាងគេ និងកន្លែងដែលយើងនឹងមានអតិថិជនច្រើនបំផុត” ។

ជាមួយគ្នានោះដែរ មហាសេដ្ឋីសញ្ជាតិកាណាដារូបនេះ ក៏បានសាទរចំពោះគោលដៅដែលបានកំណត់នៅក្នុងផែនការសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនដែលបានឯកភាពគ្នាកាលពីដើមខែមីនា។ ឯកសារបង្ហាញថា ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក (មានប្រជាជនជាង ១,៤ ពាន់លាននាក់) មានផែនការកាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួន ១៨% នៅឆ្នាំ ២០២៥ និងគោលដៅ ដើម្បីឈានដល់ការបញ្ឈប់ការបញ្ចេញកាបូននៅឆ្នាំ ២០៦០។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២០ ប្រហែលមួយភាគប្រាំនៃប្រាក់ចំណូលសកលរបស់ក្រុមហ៊ុន Tesla (ប្រហែល ៣១.៥ ពាន់លានដុល្លារ) បានមកពីប្រទេសចិន។ បច្ចុប្បន្ននេះ ទីផ្សារធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ ១៥.២ ពាន់លានដុល្លារនេះបើយោងតាមទិន្នន័យដែលដកស្រង់ដោយកាសែត Wall Street Journal៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur