មហាសេដ្ឋី Bill Gates ព្យាករណ៍ថា ពិភពលោកនឹងវិលមករកសភាពដើមទាំងស្រុងវិញនៅចុងឆ្នាំ២០២២
បុគ្គលជោគជ័យ March 26, 2021 Khmernote

សហស្ថាបនិកក្រុមហ៊ុន Microsoft និងមហាសេដ្ឋីចិត្តធម៌មួយរូប គឺលោក Bill Gates បានព្យាករណ៍ថា ពិភពលោកនឹងវិលមករកភាពប្រក្រតីវិញទាំងស្រុងនៅចុងឆ្នាំ ២០២២ ដោយសារវ៉ាក់សាំងបង្ការជំងឺ Covid-19។ មហាសេដ្ឋីរូបនេះ បានពណ៌នាពីរោគរាតត្បាតថាជា “សោកនាដកម្មមិនគួរឱ្យជឿ” ហើយបានបន្ថែមថា ដំណឹងល្អតែមួយគត់នៅពេលនេះ គឺមនុស្សកំពុងទទួលបាន​ការចាក់វ៉ាក់សាំងយ៉ាងច្រើន។

នៅក្នុងបទសម្ភាសន៍ជាមួយ កាសែតប៉ូឡូញ Gazeta Wyborcza និងទូរទស្សន៍ TVN24 លោក Bill Gates បាននិយាយថា៖ « នៅចុងឆ្នាំ ២០២២ យើងគួរតែត្រលប់ទៅរកសភាពធម្មតាវិញទាំងស្រុង »។

គួរឲ្យដឹងផងដែរថា ការអត្ថាធិប្បាយថ្មីៗបំផុតរបស់គាត់ធ្វើឡើងតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោក Gates បាននិយាយនៅក្នុងបទសម្ភាសន៍នៅលើបណ្តាញសង្គមហ្វេសប៊ុក Clubhouse ថា គាត់គិតថាមនុស្សអាចក្រឡេកមើលការផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ នៅក្នុងវិធីដ៏សំខាន់មួយនៅនិទាឃរដូវ ឬ រដូវក្តៅឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា លោក Bill Gates ដែលបានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន Microsoft Corp ក្នុងឆ្នាំ២០១៤ បានបរិច្ចាគថវិកាទៅកាន់មូលនិធិ Bill និងមូលនិធិ Melinda Gates យ៉ាងហោចណាស់ ១.៧៥ ពាន់លានដុល្លារ ចំពោះការឆ្លើយតបជាសកលទៅនឹងរោគរាតត្បាត Covid-19 ។ ក្នុងនោះ ថវិកាជាង ២៥០លានដុល្លារ ត្រូវបានផ្ដល់ឲ្យការបន្តអភិវឌ្ឍវ៉ាក់សាំងថ្មី និង ១៥៦លានដុល្លារ ដល់កម្មវិធី Covax ដែលត្រូវបានបង្កើតឡើងដើម្បីធានាថា បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបទទួលបានការចាក់ថ្នាំបង្ការដោយស្មើភាព៕

អត្ថបទ៖ លីនី
ប្រភព៖ independent