ឡើងលឿន ធ្លាក់វិញក៏លឿន! ទើបតែជ្រុះបាត់តំណែងទី១ ថ្មីៗនេះ ឥឡូវ Elon Musk លែងក្លាយជាអ្នកមានជាងគេទី២ លើលោកទៀតហើយ
បុគ្គលជោគជ័យ March 5, 2021 Khmernote

ចូលដល់ឆ្នាំថ្មីភ្លាម មហាសេដ្ឋី Elon Musk ហាក់កាប់កបខ្លាំង ឡើងស្រើតៗតែម្ដង ជាពិសេសធ្លាប់ទទួលបានងារជាអ្នកមានបំផុតលើលោកទី១ ទៀតផង ប៉ុន្តែនៅថ្ងៃនេះមិនមែនជាថ្ងៃល្អទេសម្រាប់មហាសេដ្ឋីរូបនេះទេ ដោយគាត់បានបាត់បង់តំណែងជាអ្នកមានបំផុតទី ២ នៅលើពិភពលោក។ បើយោងតាមការចុះផ្សាយរបស់ entrepreneur បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់នាយកក្រុមហ៊ុន Tesla បានបង្ហាញពីការខាតបង់ប្រហែល ៦.២ ពាន់លានដុល្លារ ដែលធ្វើឲ្យគាត់ធ្លាក់មកតំណែងលេខ ៣ ក្នុង ចំណាត់ថ្នាក់មហាសេដ្ឋីលើពិភពលោករបស់ Forbes ។

ប្រភពដដែលបានឲ្យដឹងថា ការខាតបង់របស់ Musk បានចាប់ផ្តើមនៅថ្ងៃពុធ ថ្មីៗនេះ ដូចជានៅចុងបញ្ចប់នៃថ្ងៃដែលគាត់បានបាត់បង់ប្រហែល 6.5 ពាន់លានដុល្លារ។ ជាមួយគ្នានោះដែរ កាលពី ១០ថ្ងៃមុន គឺនៅថ្ងៃទី ២៤ ខែកុម្ភៈក្រុមហ៊ុន Tesla បានធ្លាក់ចុះ ២៥% ហើយលោក Elon Musk បានខាតបង់អស់ជាង ១៥ ពាន់លានដុល្លារក្នុងមួយថ្ងៃ។ នៅពេលនោះទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យ ៤៩ ឆ្នាំរូបនេះមានចំនួន ១៦៦.១ ពាន់លានដុល្លារ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងការខាតបង់ពីរថ្ងៃជាប់ៗគ្នា របស់ Elon Musk ពេលនេះអ្នកមានបំផុតទី២ គឺមហាសេដ្ឋីជនជាតិបារាំង Bernard Arnault ដែលជាម្ចាស់ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិចំនួន ១៥៥.៦ ពាន់លានដុល្លារ។ ក្រុមហ៊ុន LVMH ជាក្រុមហ៊ុនដែលមានម៉ាកល្បីៗ ជាង ៧០ដោយក្នុងនោះរួមមាន Louis Vuitton, Christian Dior, Fendi, Givenchy, Marc Jacobs, Fenty Beauty, Bvlgari, Tiffany & Co និង Sephora ។

យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ននេះ ស្ថាបនិកក្រុមហ៊ុន Amazon បានវ៉ាដាច់នាយកប្រតិបត្តិក្រុមហ៊ុន SpaceX ជិត ២៥ ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិសុទ្ធបច្ចុប្បន្នរបស់លោកមានចំនួន ១៧៥.៤ ពាន់លានដុល្លារ ដោយកាលពីចុងខែមុន មហាសេដ្ឋី Jeff Bezos បានជាប់ចំណាត់ថ្នាក់លេខ ១ និងមហាសេដ្ឋី Elon Musk ជាប់ចំណាត់ថ្នាក់២ នៅក្នុងបញ្ជីមហាសេដ្ឋី Forbes ៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur