មហាសេដ្ឋី Elon Musk ចង់កាត់បន្ថយការគេងមកតិចជាង ៦ម៉ោង ដើម្បីធ្វើការ តែមិនអាចធ្វើបានព្រោះរឿងមួយនេះ
បុគ្គលជោគជ័យ February 16, 2021 Khmernote

មហាសេដ្ឋី Elon Musk កាលពីពេលថ្មីៗនេះបានដណ្ដើមដំណែងជាអ្នកមានបំផុតនៅលើពិភពលោកពីមេ Amazon គឺមហាសេដ្ឋី Jeff bezos ប៉ុន្តែមិនទាន់បានប៉ុន្មានផងក៏ត្រូវរបូតវិញ ហើយមហាសេដ្ឋីពីររូបនេះកំពុងប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។ ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុនអវកាស SpaceX ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនស្រាវជ្រាវប្រព័ន្ធប្រសាទ Neuralink ក៏ដូចជាស្ថាបនិកក្រុមហ៊ុន The Boring Company ដែលសាងសង់ផ្លូវរូងក្រោមដី លោក Musk មានការងារជាច្រើនក្នុងការគ្រប់គ្រងរាល់ថ្ងៃ។

ក្នុងកម្មវិធីសម្ភាសន៍ជាមួយ Joe Rogan នៅវគ្គចុងក្រោយដែលមានឈ្មោះថា “បទពិសោធន៍របស់ Joe Rogan” មហាសេដ្ឋីសញ្ជាតិកាណា​ដារូបនេះ បាននិយាយថា៖ « ខ្ញុំធ្វើការបានច្រើន ដោយជាធម្មតាខ្ញុំនឹងចូលរួមប្រជុំនៅកន្លែងធ្វើការរហូតដល់ម៉ោង ១ ឬ ២ភ្លឺ ហើយគ្មានទេថ្ងៃចុង​សប្ដាហ៍ សៅរិ៍៍ អាទិត្យសម្រាប់ខ្ញុំ »។ លើសពីនេះលោក Elon Musk បានប្រាប់ Rogan ថា៖ « ខ្ញុំគេងប្រហែល ៦ ម៉ោង ហើយខ្ញុំព្យាយាមគេងតិចជាងមុន ប៉ុន្តែផលិតភាពសរុបថយចុះ។ ខ្ញុំមិនចង់គេងច្រើនជាងប្រាំមួយម៉ោងទេ »។

បន្ថែមពីនេះ Musk បាននិយាយថា កាលពីមុនគាត់ធ្វើការរាប់រយម៉ោងក្នុងមួយសប្តាហ៍ ហើយពេលខ្លះមហាសេដ្ឋីរូបនេះថែមទាំងដេកនៅលើកំរាលក្រោមតុរបស់គាត់នៅក្រុមហ៊ុន Tesla ទៀតផង។ គួរបញ្ជាក់ផងដែរថា បើតាមការឲ្យដឹងពីលោក Elon Musk គាត់នាយកប្រតិបត្តិដែលធ្វើការប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ហើយសប្ដាហ៍ខ្លះមានរយៈពេលដល់ទៅ ១២០ ម៉ោងពេញតែម្ដង៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc