កូវីដមិនទាន់ចប់ផង មហាសេដ្ឋី Bill Gates ព្រមានថា ការរាតត្បាតនាពេលខាងមុខបន្ទាប់ពីកូវីដអាចអាក្រក់ជាងនេះ ១០ ដង
បុគ្គលជោគជ័យ February 2, 2021 Khmernote

លោក Bill Gates អ្នកមានជាងគេទី៣ លើពិភពលោក និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានព្រមានថាការរីករាលនៃជំងឺរាតត្បាតនាពេលនៃខាងមុខអាចនឹងអាក្រក់ជាង ១០ដង ធៀបនឹងវីរុស Covid-19 ហើយមនុស្សជាតិមិនបានត្រៀមខ្លួនសម្រាប់វាឡើយ។ ជាមួយគ្នានេះ លោកក៏បានទទូចផងដែរថា ប្រជាជនត្រូវរៀនសូត្រពីវីរុស Covid-19 ដែលកំពុងរាតត្បាត​ និងកំពុងផ្ដល់មេរៀនដល់មនុស្ស នេះបើយោងតាមការដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ដែលបានធ្វើការសម្ភាសន៍ជាមួយនឹងមហាសេដ្ឋីរូបនេះ។

នៅក្នុងកិច្ចសម្ភាសន៍លោក Bill Gates បានមានប្រសាសន៍ថា៖ « យើងមិនបានត្រៀមខ្លួនសម្រាប់ការរាតត្បាតបន្ទាប់ទេ ហើយបច្ចុប្បន្នយើងឃើញហើយថា ជំងឺរាតត្បាតពិតជាអាក្រក់ ប៉ុន្តែការរាតត្បាតនាពេលអនាគតអាចធ្ងន់ធ្ងរជាងនេះ ១០ដង »។ គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលមហាសេដ្ឋីល្បីឈ្មោះរូបនេះ បានព្រមានពីជម្ងឺរាតត្បាតនាពេលអនាគត ដោយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times តាមរយៈ Skype នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ លោក Bill Gates បានលើកឡើងថា ជំងឺរាតត្បាតឆ្លងរាលដាលនេះ គឺជាព្រឹត្តិការណ៍ធំបំផុតដែលមនុស្សជាច្រើននឹងជួបប្រទះក្នុងជីវិតទាំងមូលរបស់ពួកគេ។ ហើយគាត់បានលើកឡើងទៀតថា ការផ្ទុះឡើងនៃមេរោគស្រដៀងគ្នានេះទំនងជានឹងកើតឡើងរៀងរាល់ ២០ ឆ្នាំម្ដង។

ស្រដៀងគ្នានេះដែរនៅក្នុងការបង្ហោះលើប្លក់របស់មូលនិធិ Bill & Melinda Gates អ្នកជំនួញរូបនេះបាននិយាយថា៖ « ជាអកុសល គឺថាវីរុស Covid-19 ប្រហែលជាមិនមែនជាជំងឺរាតត្បាតចុងក្រោយទេ។ យើងក៏មិនដឹងថាពេលណាការរាតត្បាតបន្ទាប់នឹងមកដល់ ឬ ថាតើវានឹងមានជំងឺផ្តាសាយ ជំងឺឆ្លង ឬ ជំងឺថ្មីមួយចំនួនដែលយើងមិនធ្លាប់បានឃើញពីមុនមកផងដែរ។ ប៉ុន្តែអ្វីដែលយើងដឹង គឺថាយើងមិនអាចអនុញ្ញាតឱ្យខ្លួនយើងត្រូវបានជាប់គាំងទៀតឡើយ ការគំរាមកំហែងនៃជំងឺរាតត្បាតបន្ទាប់នឹងកើតមានលើយើងជានិច្ច លើកលែងតែពិភពលោកចាត់វិធានការដើម្បីទប់ស្កាត់ »៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur