បែកធ្លាយ! មហាសេដ្ឋី Bill Gates មិនត្រឹមជាអ្នកមានបំផុតលើលោកលំដាប់ទី៣ តែជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក
បុគ្គលជោគជ័យ January 18, 2021 Khmernote

លោក Bill Gates ដែលយើងគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកនៃក្រុមហ៊ុន Microsoft ក៏ដូចជាអ្នកមានជាងគេបំផុតលំដាប់ទី៣ លើពិភពលោក កាលពីពេលថ្មីៗនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា គាត់គឺជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ យោងតាមសារព័ត៌មាន entrepreneur បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីរូបនេះ កាន់កាប់ដីនៅរដ្ឋចំនួន ១៨ ហើយដីដែលគាត់កាន់កាប់ធំជាងគេមាននៅក្នុងរដ្ឋមួយចំនួនដូចជា រដ្ឋ Louisiana ដែលមានផ្ទៃដី ២៧,៩៥២ ហិកតា, រដ្ឋ Arkansas មាន ១៩,៣៩៥ ហិកតា និង Nebraska មាន ៨,៣៣១ ហិកតា។

មកទល់ពេលមហាសេដ្ឋី Bill Gates បានធ្វើឲ្យមនុស្សជាច្រើនងឿងឆ្ងល់ថា តើគាត់មាន ឬ មិនមាន? ប៉ុន្តែបើយោងតាមរបាយការណ៍ The Land Report បានបង្ហាញថា សហស្ថាបនិកក្រុមហ៊ុន Microsoft គឺជាម្ចាស់ដីកសិកម្មធំជាងគេនៅអាមេរិក។ ហើយ​យោងតាមការស្រាវជ្រាវដែលបានរកឃើញ មហាសេដ្ឋីរូបនេះ បានទិញដីកសិកម្មប្រហែល ៩៧,៩៣៤.៣២ ហិកតា ដោយស្ងៀមស្ងាត់ ទោះបីជាគាត់មិនមែនជាអ្នកវិនិយោគលើដីក៏ដោយ។ បន្ថែមពីនេះតាមមើលទៅលោក BIll Gates ក៏ជាម្ចាស់ដីជួល សម្រាប់កន្លែងកម្សាន្តធំៗផងដែរ។

ជាមួយគ្នានេះ របាយការណ៍ដីធ្លីពន្យល់ថា ដីទាំងនោះស្ថិតនៅក្នុងដៃរបស់លោក Bill Gates តាមរយៈក្រុមហ៊ុន Cascade Investments ដែលជាក្រុមហ៊ុនដែលគាត់ប្រើដើម្បីគ្រប់គ្រងការវិនិយោគរបស់គាត់។ ជាងនេះទៅទៀត តាមរយៈមូលនិធិ Bill and Melinda Gates របស់គាត់ មហាសេដ្ឋីរូបនេះបានបរិច្ចាគថវិកាចំនួនជាង ៣០០ លានដុល្លារអាមេរិក ក្នុងគោលដៅលើកកម្ពស់កសិកម្មប្រកបដោយចីរភាពនៅផ្នែកខ្លះនៃទ្វីបអាហ្វ្រិក និងអាស៊ី៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur