លោកយាយជនជាតិជប៉ុនវ័យ ១១៨ឆ្នាំ ប្ដេជ្ញាថែសុខភាពតាមវិធីបែបនេះ ដើម្បីរក្សាសុខភាពឲ្យនៅតែល្អរហូតដល់អាយុ ១២០ឆ្នាំ
បុគ្គលជោគជ័យ January 4, 2021 Khmernote

ស្ត្រីជនជាតិជប៉ុនម្នាក់ដែលត្រូវបានទទួលស្គាល់ដោយ Guinness World Records ជាមនុស្សដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោកបានប្រារព្ធពិធីខួបកំណើតឈានចូលដល់អាយុ ១១៨ ឆ្នាំកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ បើតាមការឲ្យដឹងរបស់សារព័ត៌មានជប៉ុន NHK លោកយាយ Tanaka Kane បច្ចុប្បន្នស្នាក់នៅក្នុងមណ្ឌលថែទាំនៅទីក្រុង Fukuoka ភាគខាងលិចប្រទេសជប៉ុន។ ក្នុងចំណោមបងប្អូន ៧នាក់ស្រ្តីវ័យចំណាស់ជាងគេលើលោកនេះបានកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ ហើយបានចូលទៅក្នុងបញ្ជី Guinness World Records កាលពីឆ្នាំ២០១៩ ក្នុងនាមជាមនុស្សវ័យចំណាស់ជាងគេលើពិភពលោក។

នៅក្នុងថ្ងៃខួបកំណើតវ័យ ១១៨ឆ្នាំ បុគ្គលិកនៅក្នុងមណ្ឌលថែទាំម្នាក់បាននិយាយថា លោកយាយ Tanaka Kane នៅរឹងមាំមិនចាញ់ក្មេងឡើយ ហើយគាត់បានទះដៃនៅពេលទទួលបានការអបអរសាទរពីអ្នកថែទាំម្នាក់នៅថ្ងៃកំណើតរបស់ខ្លួន។ បើទោះបីជាគាត់ស្ទើរតែ​មិនបានជួបសាច់ញាតិរបស់គាត់ដោយសារតែវិធានការរឹតត្បិតនឹងជំងឺ Covid-19 ក៏ដោយក្ដីក៏គាត់នៅតែមានសុខភាពល្អ ដោយបរិភោគអាហារ ៣ពេលក្នុងមួយថ្ងៃ និងហាត់ប្រាណ ហើយបានលើកឡើងថា គាត់គ្រោងនឹងថែរក្សាសុខភាពឲ្យបានល្អរហូតដល់អាយុ ១២០ឆ្នាំ។

គួរឲ្យដឹងថា លោកយាយ តែងភ្ញាក់ពីគេងនៅម៉ោង ៦ ព្រឹករាល់ថ្ងៃ ហើយចំណាយពេលរសៀលរបស់គាត់់លេងល្បែងកម្សាន្តជាមួយសមាជិកនៃមណ្ឌលថែទាំដោយតែងទទួលបានជ័យជំនះ។ លោកយាយចូលចិត្តទទួលទានសូកូឡា និងភេសជ្ជៈដែលមានជាតិហ្គាស។ ជាមួយគ្នានេះគាត់ធ្លាប់ទទួលការវះកាត់ជាច្រើនដងក្នុងជីវិត​រួមមាន មួយសម្រាប់ជំងឺភ្នែកឡើងបាយ និងមួយសម្រាប់ជំងឺមហារីកពោះវៀនធំ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk ,globalnews