មកស្គាល់មហាសេដ្ឋី ៥ រូប រកលុយបានឆឹបៗ មិនតិចពាន់លានបន្ថែមទៅក្នុងទ្រព្យសម្បត្តិ ពីឆ្នាំ២០២០ ដែល​ជាឆ្នាំមាសឆ្នាំពេជ្រសម្រាប់ពួកគេ​
បុគ្គលជោគជ័យ December 24, 2020 Khmernote

ឆ្នាំ​២០២០ គឺជាឆ្នាំ​ដ៏លំបាកមួយនៃផ្នែកហិរញ្ញវត្ថុសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក ដោយសារជំងឺរាតត្បាតឆ្លងរាលដាលបានធ្វើឲ្យអន្តរាយដល់អាជីវកម្មរាប់មិនអស់ ហើយក្នុងនោះប្រជាជនជាច្រើននៅលើពិភពលោកត្រូវបានបាត់បងការងារ។ ប៉ុន្តែផ្ទុយទៅវិញឆ្នាំនេះ ក៏ជាឆ្នាំមាសឆ្នាំពេជ្រ ឆ្នាំជោគឆ្នាំជ័យរបស់មហាសេដ្ឋីចំនួន ៥រូប ដែលសុទ្ធសឹងតែជាម្ចាស់អាជីវកម្មធំៗ និងកំពុងត្រូវប៉ាន់ខ្លាំងក្នុងអំឡុងជំងឺពេលរាតត្បាត ដែលធ្វើឲ្យមហាសេដ្ឋីទាំងនោះរកចំណុលបានមិនចេះតិច ហើយបូកបញ្ជូលទៅក្នុងទ្រព្យសម្បត្តិដ៏មហាសាសលរបស់ពួកគេ។ ជាក់ស្ដែងមហាសេដ្ឋីលុយក្ដាំងទាំងនោះរួមមាន៖

១.លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថាលោក Musk បានបន្ថែមប្រាក់ចំនួន ១៤០ ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិសុទ្ធរបស់លោកនៅឆ្នាំ២០២០ ដែលនាំមកនូវទឹកប្រាក់សរុបដល់ ១៦៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃច័ន្ទ។ ការបន្ថែមនេះបានបង្កើនចំណាត់ថ្នាក់មហាសេដ្ឋីដល់ Musk ខណៈពេលដែលគាត់បានឡើងហួសពីលោក Bill Gates ដណ្ដើមយកតំណែងទី២ ក្នុងខែវិច្ឆិកា។ ជាមួយគ្នានេះនៅដើមឆ្នាំ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Musk មានជិត ៣០ ពាន់លានដុល្លារ (នៅតែជាចំនួនដែលមានស្ថេរភាពល្អ) ។ ប៉ុន្តែឆ្នាំនេះ ជាឆ្នាំពិសេសរបស់ក្រុមហ៊ុន Tesla ព្រោះភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានផ្ទុះឡើងជាង ៦៥០% ចាប់តាំងពីដើមឆ្នាំនេះ ដោយសារក្រុមហ៊ុន Tesla បានបង្កើតកំណត់ត្រាលក់ថ្មី និងរាយការណ៍ពីប្រាក់ចំណេញចំនួន ៥ត្រីមាសជាប់ៗគ្នា។

២.លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon៖ លោក Bezos បានចាប់ផ្ដើមក្លាយជាអ្នកមានបំផុតលើពិភពលោកលំដាប់ទី១ នៅឆ្នាំ២០២០ ដោយបានបញ្ចូលទឹកប្រាក់ជាង ៧២ ពាន់លានដុល្លារទៅក្នុងទ្រព្យសម្បតិ្តរបស់គាត់។ ការបន្ថែមប្រាក់ដ៏ច្រើនសន្ធឹកនេះ គឺដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុន Amazon បានបន្តកើនឡើងនៅឆ្នាំនេះ ចំពេលមានជំងឺរាតត្បាតបានផ្លាស់ប្ដូរឲ្យអតិថិជនងាកមកប្រើប្រាស់ការបញ្ជាទិញតាមអ៉ីនធឺណេត។

៣.លោក Zhong Shanshan ស្ថាបនិកក្រុមហ៊ុន Nongfu Spring៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg នៅក្នុងឆ្នាំ២០២០ នេះ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Zhong Shanshan បានកើនឡើងរហូតដល់ ៦២.៦ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ (បច្ចុប្បន្ននេះមានចំនួនជាង ៦៩ ពាន់លានដុល្លារ)។ លោក Zhong បានក្លាយជាអ្នកមានបំផុតរបស់ប្រទេសចិនក្នុងខែកញ្ញាបន្ទាប់ពីក្រុមហ៊ុនទឹកសុទ្ធបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) យ៉ាងជោគជ័យ ដោយទទួលបានប្រាក់ជាង ១.១ ពាន់លានដុល្លារ ហើយទុកឱ្យក្រុមហ៊ុនដែលលោកបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ មានតម្លៃគិតជាទឹកប្រាក់ជិត ៧០ ពាន់លានដុល្លារ។ លោក Zhong មានអាយុ ៦៦ ឆ្នាំកាន់កាប់ភាគហ៊ុនជាង ៨៤% នៃក្រុមហ៊ុនដែលភាគហ៊ុននេះមានតម្លៃប្រហែល ៦០ ពាន់លានដុល្លារដែលបានជួយឲ្យគាត់វ៉ាដាច់មហាសេដ្ឋីដទៃទៀតដូចជាលោក Pony Ma និងស្ថាបនិក Alibaba លោក Jack Ma ក្លាយជាមហាសេដ្ឋីចិននៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

៤.លោក Colin Huang ស្ថាបនិកនៃ Pinduoduo៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថាលោក Colin Huang អាយុ ៤០ ឆ្នាំបានបន្ថែមទឹកប្រាក់ចំនួន ៣៣ ពាន់លានដុល្លារទៅក្នុងទ្រព្យសម្បត្តិសុទ្ធរបស់លោកនៅឆ្នាំ ២០២០នេះ ដែលធ្វើឱ្យវាកើនឡើងដល់ជិត ៥៣ ពាន់លានដុល្លារ។ ហើយនោះ គឺក្នុងរយៈពេលមួយឆ្នាំនៅពេលដែលលោកបានលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលលោកបានបង្កើតឡើងកាលពី៥ឆ្នាំ មុនទីផ្សារ Pinduoduo ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅលើអ៊ីនធឺណិត។

៥.លោក Dan Gilbert ប្រធានក្រុមហ៊ុន Rocket ៖ លោក Dan Gilbert វ័យ ៥៨ឆ្នាំ ជាម្ចាស់ជើងឯក NBA’s Cleveland Cavaliers និងជាស្ថាបនិកនៃ Quicken Loans។ នៅក្នុងឆ្នាំ២០២០ នេះ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានកើនឡើង ២៨.១ ពាន់លានដុល្លារ ដែលធ្វើឲ្យចំនួនសរុបឈានដល់ ៣៥.៣ ពាន់លានដុល្លារ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មាន Bloomberg។ ការកើនឡើងនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Rocket ដែលជាក្រុមហ៊ុនមេរបស់ Rocker Companies បានចាប់ផ្តើមបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) កាលពីខែសីហា ខណៈ Gilbert បានកាន់កាប់ភាគហ៊ុន ៧៣% នៅក្នុងក្រុមហ៊ុន Rocket ដែលជាភាគហ៊ុនបច្ចុប្បន្នមានតម្លៃជាង ៣១ ពាន់លានដុល្លារ៕

អត្ថប​ទ៖ លីនី
ប្រភព៖ cnbc