ក្រសួងពាណិជ្ជកម្មថៃ ចាប់ផ្ដើមរឹតត្បិតលើតម្លៃម៉ាសនៅទូទាំងប្រទេស ក្រោយផ្ទុះករណីឆ្លងថ្មីច្រើនសន្ធឹក
បុគ្គលជោគជ័យ December 21, 2020 Khmernote

ថៃ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បានបញ្ជាឱ្យមានការរឹតត្បិតលើតម្លៃម៉ាសនៅទូទាំងប្រទេស បន្ទាប់ពីមានការកើនឡើងនូវករណី Covid-19 ដែលជាប់ទាក់ទងនឹងអ្នកលក់ដុំបង្គានៅក្នុងខេត្តសាមុតសាខន កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ លោក Mallika Boonmeetrakool Mahasook ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា ការិយាល័យពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវបានបញ្ជាឱ្យត្រួតពិនិត្យតម្លៃម៉ាសនៅក្នុងតំបន់របស់ពួកគេ និងអនុវត្តវិធានការត្រួតពិនិត្យតម្លៃដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម។

លោកស្រីបានបន្ថែមថា ម៉ាស នឹងត្រូវលក់ក្នុងតម្លៃតិចជាង ២.៥ បាតក្នុងមួយម៉ាស ហើយអ្នកលក់ណាដែលត្រូវបានរកឃើញថា មានស្តុកទុកម៉ាស និងមិនព្រមលក់ដូចតម្លៃដែលបានកំណត់ ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ និងពិន័យជាទឹកប្រាក់រហូតដល់ ១៤០,០០០ បាត (ប្រមាណជាង ៤០០០ ពាន់ដុល្លារ) ។ ជាមួយគ្នានេះ សាធារណៈជនត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ពីអ្នកលក់ដែលមិនគោរពតាមបណ្តាញទូរស័ព្ទរបស់ក្រសួងពាណិជ្ជកម្ម។

គួរបញ្ជាក់ផងដែរថា ការភ័យខ្លាចចំពោះកង្វះខាតម៉ាស ត្រូវបានលេចឡើងបន្ទាប់ពីមានករណឆ្លងថ្មីជិត ៧០០ករណី នៅក្នុង និងជុំវិញខេត្ត សាមុតសាខន កាលពីថ្ងៃសោរិ៍ ដែលបណ្ដាលឲ្យមានការបិទខេត្តភ្លាមៗ។ ស្របពេលជាមួយគ្នានេះដែរ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបាននិយាយថា រោងចក្រជាច្រើនកំពុងផលិតម៉ាស ហើយស្តុកបច្ចុប្បន្នមានច្រើនដូច្នេះ សាធារណជនមិនចាំបាច់ព្រួយបារម្ភទេ ហើយក្នុងនោះដែរ ស្តុកជែលលាងដៃ និងអាល់កុលក៏មានច្រើនដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost