ប្រធា​នាធិបតីរុស្ស៊ី Vladimir Putin និយាយថា « លោកមិនអាចចាក់វ៉ាក់សាំង “ Sputnik V” របស់ខ្លួនបាននោះទេ »
បុគ្គលជោគជ័យ December 19, 2020 Khmernote

ស្របពេលដែលរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំនៅតាមបណ្ដាប្រទេស​ដែលត្រូវបានអនុម័តក្នុងការប្រើប្រាស់វ៉ាក់សាំង Covid-19 បានទទួលយកការចាក់វ៉ាក់សាំងដើម្បីបង្កើតទំនុកចិត្តដល់ប្រជាជន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា គាត់មិនអាចចាក់វ៉ាក់សាំងបានទេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែធ្នូរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានលើកទឹកចិត្តដល់ប្រជាជនទាំងអស់ឲ្យប្រើប្រាស់វ៉ាក់សាំង “ Sputnik V” ដែលជាវ៉ាក់សាំងបង្កើតឡើងដោយប្រទេសខ្លួនឯងផ្ទាល់ ប៉ុន្តែប្រធានាធិបតីរូបនេះបានធ្វើការបដិសេធថា គាត់មិនទាន់អាចចាក់វ៉ាក់សាំងបានទៅវិញ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក Vladimir Putin បានមានប្រសាសន៍ថា៖ « អ្នកជំនាញផ្នែកថែទាំសុខភាពរបស់យើងនិយាយថា វ៉ាក់សាំងនេះតម្រូវសម្រាប់មនុស្សក្នុងវ័យដែលបានកំណត់រួចមកហើយ។ មនុស្សដូចខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងនោះទេ ។ លើសពីនេះខ្ញុំជាពលរដ្ឋគោរពច្បាប់ ហើយខ្ញុំតែងតែស្តាប់នូវអ្វីដែលអ្នកជំនាញថែទាំសុខភាពរបស់យើងនិយាយ ដូច្នេះខ្ញុំមិនទាន់អាចទទួលបានវ៉ាក់សាំងនៅឡើយទេ ប៉ុន្តែខ្ញុំនឹងធ្វើវាឱ្យបានឆាប់តាមដែលអាចធ្វើបាន »។

បន្ថែមពីនេះលោកប្រធានាធិបតីបានបញ្ជាក់ថា៖ « វ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាពហើយវាមានសុវត្ថិភាព ដូច្នេះមិនមានហេតុផលអ្វីដែលធ្វើឲ្យយើងខ្លាចក្នុងការចាក់ថ្នាំបង្ការនោះទេ។ អាទិភាពរបស់រុស្ស៊ី គឺចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន ហើយនឹងបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួនបន្ថែមទៀត​ »។ គួរបញ្ជាក់ផងដែរថា “ Sputnik V” ត្រូវបានសាកល្បងលើអ្នកស្ម័គ្រចិត្តដែលមានអាយុចាប់ពី ១៨-៦០ ឆ្នាំរួចហើយ ដូច្នេះវាត្រូវបានណែនាំសម្រាប់តែមនុស្សដែលមានអាយុក្នុងក្រុមនោះប៉ុណ្ណោះ។ ហេតុដូច្នេះដោយសារតែលោក Vladimir Putin មានអាយុ ៦៨ឆ្នាំ នោះគាត់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលការចាក់វ៉ាក់សាំងនោះទេ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc