មហាសេដ្ឋីវ័យក្មេងបំផុតរបស់អូស្រ្តាលី៖ « បើគ្មានដំបូន្មានពីចៅហ្វាយចាស់របស់គាត់ទេ នោះគាត់មិនស្គាល់ប្រាក់ខ្ទង់ពាន់លានដុល្លារឡើយ »
បុគ្គលជោគជ័យ December 14, 2020 Khmernote

នៅអាយុ ៣០ឆ្នាំ លោក Nick Molnar បានក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅអូស្រ្តាលី សហគ្រិនរូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយជាសហស្ថាបនិក និងជាសហប្រធាននាយកក្រុមហ៊ុន Afterpay ដែលជាវេទិកាពន្យារពេលទូទាត់ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចំណាយលើការទិញរបស់ពួកគេលើសពីការបង់រំលស់ដោយគ្មានការប្រាក់។ នៅឆ្នាំនេះផងដែរ ក្រុមហ៊ុនបានកើនឡើងយ៉ាងខ្លាំង ក្រោមការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់ទៅរកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងតម្រូវការកើនឡើងសម្រាប់ការទូទាត់តាមឌីជីថល ដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងដល់ ១,៣០០% និងធ្វើឱ្យស្ថាបនិករូបនេះ ក្លាយជាមហាសេដ្ឋីបង្កើតឡើងដោយខ្លួនឯងទាំងក្មេងខ្ចី។

ជុំវិញភាពជោគជ័យរបស់ខ្លួននេះ លោក Nick Molnar បានឲ្យដឹងថា លោកអាចនឹងមិនមានឱកាសស្គាល់ប្រាក់រាប់ពាន់លានដុល្លារ ឬ ជោគជ័យដូចពេលនេះទេ ប្រសិនបើគ្មានដំបូន្មានពីចៅហ្វាយចាស់របស់គាត់។ លោក Nick Molnar បានប្រាប់ទៅកាន់ CNBC Make It ថា៖ « ចៅហ្វាយចាស់របស់គាត់ គឺជាអ្នកជំរុញគាត់ឲ្យបង្កើតក្រុមហ៊ុននេះឡើងរហូតមានថ្ងៃនេះ ដោយនៅពេលនោះ គឺក្នុងឆ្នាំ២០១២ ក្រោយបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យស៊ីដនី គាត់បានធ្វើការជាអ្នកវិភាគវិនិយោគក្រោមការដឹកនាំរបស់លោក Mark Carnegie ដែលជាដៃគូបង្កើតក្រុមហ៊ុនឯកជនឯកជនអូស្រ្តាលីគឺ M.H. Carnegie & Co.»។

លោកបានបន្ថែមថា មុនពេលចូលធ្វើការឲ្យលោក Mark Carnegie លោកបានក្លាយជាសហគ្រិនមួយរូបរួចទៅហើយ ដោយកាលនោះគាត់បានលក់គ្រឿងអលង្ការនៅលើវេបសាយ eBay ដែលចាប់ផ្ដើមឡើងពីបន្ទប់គេងរបស់គាត់នៅសកលវិទ្យាល័យ។ ប៉ុនតែនៅពេលដែលគាត់ចង់ពង្រីកអាជីវកម្មនិងបង្កើតគេហទំព័រគ្រឿងអលង្ការផ្ទាល់ខ្លួនរបស់គាត់ Nick Molnar ហាក់ស្ទាក់ស្ទើរ រុញរា តែក៏មានកម្លាំងចិត្តមោះមុតវិញដោយសារសំនួរមួយឃ្លារបស់ចៅហ្វាយគាត់ថា៖ «ខ្ញុំមិនដឹងថាហេតុអ្វីបានជាអ្នកមកធ្វើការនៅទីនេះទេ ខណៈអ្នកត្រូវទៅធ្វើជំនួញរបស់អ្នកគ្រប់ពេលបែបនេះ »។

មហាសេដ្ឋីវ័យក្មេងបានបន្តទៀតថា៖ ក្រៅពីការជំរុញលើកទឹកចិត្ត ចៅហ្វាយចាស់របស់គាត់ក៏បានអនុញ្ញាតឲ្យគាត់សាកល្បងចាប់ផ្ដើមវេទិការបស់គាត់ ហើយបានទុករយៈពេលឲ្យគាត់ ១២ខែ ប្រសិនបើមិនដំណើរការគាត់អាចត្រលប់មកធ្វើការវិញបានធម្មតា។ ប៉ុន្តែប៉ុន្មានខែក្រោយមកលោកបានបើកដំណើរការកម្មវិធី Ice Online ហើយរហូតមកដល់ថ្ងៃនេះគេហទំព័រនៅតែសកម្ម ប៉ុន្តែវាត្រូវបានបណ្ដាក់ទុនជាមួយនឹងជំហានបន្ទាប់របស់គាត់គឺ Afterpay នាពេលបច្ចុប្បន្ននេះ ដែលបានបើកដំណើរការមិនដល់ពីរឆ្នាំក្រោយ ដែលនេះធ្វើឲ្យលោក Molnar បានរកឃើញជោគជ័យពិតប្រាកដ ខណៈលោក Nick Molnar តែងតែគិតថាចេញពីសាកលវិទ្យាល័យ គាត់ត្រូវតែរកការងារធ្វើ រកចំណូល មិនធ្លាប់គិតទេថាគាត់អាចបង្កើយកម្មវិធីផ្ទាល់ខ្លួនបានបែបនេះ៕

អត្ថបទ៖​ លីនី
ប្រភព៖ cnbc