មហាសេដ្ឋី Bill Gates៖ « វ៉ាក់សាំង Covid-19 ចំនួន ៦ អាចនឹងចែកចាយនៅត្រីមាសទី១ ឆ្នាំក្រោយ ហើយចែកចាយដោយស្មើភាពដល់ប្រទេសទាំងអស់ »
បុគ្គលជោគជ័យ December 9, 2020 Khmernote

មហាសេដ្ឋី Bill Gates កាលពីពេលថ្មីៗនេះបានព្យាករណ៍ថា អាចមានវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួនជាងពាក់កណ្ដាលសម្រាប់ការអនុម័ត និងត្រៀមសម្រាប់ការចែកចាយនៅនិទាឃរដូវឆ្នាំ ២០២១ ខណៈផ្នែកវេជ្ជសាស្រ្តនឹងធ្វើឲ្យកាន់តែជឿនលឿនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ថ្លែងនៅឯមហោស្រព Singapore FinTech លោក Gates បានមានប្រសាសន៍ថា៖ « ខ្ញុំរំពឹងថាយើងនឹងមានវ៉ាក់សាំងប្រហែល ៦ ដែលត្រូវបានអនុម័តនៅត្រីមាសទីមួយ ឆ្នាំក្រោយ »។ លោកបានបន្តថា បន្ថែមលើវ៉ាក់សាំង Pfizer-BioNTech ដែលត្រូវបានជ្រើសរើសរួចនោះ បេក្ខជនមកពី Moderna, AstraZeneca, Johnson & Johnson និង Novavax ក៏នឹងត្រូវបានផ្តល់ការអនុញ្ញាតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះដែរ។

យ៉ាងណាមិញទោះបីជាបច្ចុប្បន្នការអភិវឌ្ឍវ៉ាក់សាំងគឺមានភាពឆាប់រហ័ស លោក Gates ដែលជាម្ចាស់អង្គការមិនស្វែងរកប្រាក់ចំណេញដែលមានឈ្មោះថា មូលនិធិ Bill & Melinda Gates បានតស៊ូមតិជាយូរមកហើយចំពោះការអភិវឌ្ឍសុខភាពពិភពលោករួមទាំងការចាក់វ៉ាក់សាំងផងដែរ។ លោកបានលើកឡើងថា៖ « យើងត្រូវប្រាកដថាយើង (ចែកចាយ) តាមរបៀបស្មើភាព…មិនមែនទាល់តែអ្នកមានទើបអាចទទួលបានវ៉ាក់សាំងនោះទេ »។

ជាមួយគ្នានេះលោកបានកត់សម្គាល់ថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ រួមទាំងអង្គការរបស់គាត់ផងដែរ ដើម្បីធានាថាវ៉ាក់សាំងត្រូវបានចែកចាយដោយយុត្តិធម៌ដល់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ខណៈបច្ចុប្បន្នមូលនិធិ Bill & Melinda Gates បាននឹងកំពុងធ្វើការជាមួយវិទ្យាស្ថាន Serum របស់ឥណ្ឌាដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោក ដើម្បីចាប់ផ្តើមផលិត និងចែកចាយបេក្ខជនវ៉ាក់សាំង Covid-19 របស់ AstraZeneca ទូទាំងប្រទេស។

មិនតែប៉ុណ្ណោះទេ មហាសេដ្ឋីចិត្តធម៌រូបនេះ បានសង្កត់ធ្ងន់ថា៖ « គោលដៅ គឺធ្វើអ្វីៗគ្រប់យ៉ាងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅឆ្នាំ ២០២១ ដូច្នេះសូម្បីតែប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏ជំងឺរាតត្បាតបានបញ្ចប់ដែរ គឺនៅឆ្នាំ ២០២២ »៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc