មហាសេដ្ឋី Bill Gates បានលើកឡើងពីជំងឺរាតត្បាតនាពេលថ្មីៗនេះថា៖ « យើងនឹងត្រលប់ទៅរកសភាពធម្មតាវិញនៅឆ្នាំក្រោយនេះ »
បុគ្គលជោគជ័យ December 4, 2020 Khmernote

អស់រយៈពេលជាច្រើនខែមនុស្សបានងឿងឆ្ងល់ថា តើពេលណាជីវិតនឹងវិលត្រឡប់ទៅរកភាពធម្មតាវិញក្នុងពេលមានជំងឺរាតត្បាត Covid-19។ ពាក់ព័ន្ធនឹងចម្ងល់ដែលពិបាកក្នុងការស្រាយនេះ ស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates បានប៉ាន់ស្មានថា នៅសហរដ្ឋអាមេរិក នឹងអាចត្រឡប់ទៅរកសភាពដើមវិញក្នុង​និទាឃរដូវឆ្នាំ២០២១។ នៅក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយ “TODAY” របស់ NBC កាលពីថ្ងៃព្រហស្បតិ៍ មហាសេដ្ឋីរូបនេះបានលើកឡើងថា ការត្រឡប់ទៅរកសភាពដើមវិញនេះ គឺអាចទៅរួចដោយសារការចាក់វ៉ាក់សាំងដែលបានសន្យា និងការព្យាបាលបន្ថែម។

មហាសេដ្ឋីចិត្ត និងជាអ្នកដែលតែងគំរាមកំហែងអំពីរោគរាតត្បាតរូបនេះបានបន្តថា៖ « ក្នុងរយៈពេល ៤ ទៅ ៥ខែ ទម្រាំតែសភាពដូចដើមវិញវាពិតជាយូរ ហើយគួរឲ្យភ័យខ្លាចណាស់ ដរាបណាយើងមិនអាចកាត់បន្ថយអាកប្បកិរិរយារបស់យើងយើងបានទ្វេរដង»។ លោកបានបញ្ជាក់ថា អ្វីដែលមានឥទ្ធិពលបំផុត ហើយមនុស្សគ្រប់រូបអាចធ្វើបាននៅពេលនេះដើម្បីកាត់បន្ថយការរីករាលដាលបន្ថែមទៀតនិងបញ្ចប់ការរាតត្បាតជំងឺ គឺធ្វើតាមអ្វីដែលយើងត្រូវបានគេប្រាប់ឱ្យធ្វើគ្រប់ពេលវេលា ឧទាហរណ៍ដូចជា រក្សាគម្លាត ហាមប្រមូលផ្ដុំ និងពាក់ម៉ាស នៅកន្លែងណាដែលអ្នកអាចនឹងប៉ះពាល់ជាមួយនរណាម្នាក់នៅខាងក្រៅគ្រួសាររបស់អ្នក។

គួរឲ្យដឹងផងដែរថា លោក Bill Gates គឺជាមហាសេដ្ឋីមួយរូបដែលតែងតែព្រមានពីជំងឺរាតត្បាតនៅលើពិភពលោក និងបានដាស់តឿនឲ្យរដ្ឋាភិបាលក្នុងបណ្ដាប្រទេសនានាគួរត្រៀមសម្រាប់វីរុសរាតត្បាតផ្សេងដែលកើតមានឡើង។ ហើយកាលពីពេលថ្មីៗនេះ លោកក៏បានព្យាករណ៍ថា Pfizer នឹងក្លាយជាវ៉ាក់សាំងលំដាប់ទីមួយ ដែលមានប្រសិ​ទ្ធិភាពខ្ពស់ ព្រោះដោយសារតែបទពិសោធន៍របស់ក្រុមហ៊ុននេះ ក្នុងការបង្កើតវ៉ាក់សាំង ដែលគាត់ជឿជាក់ថាពួកគេបានធ្វើការស្រាវជ្រាវបានយ៉ាងល្អ។ ជាងនេះទៅទៀតលោកជឿជាក់ថា ការជឿនលឿនក្នុងឧបករណ៍ព្យាបាលហើយការចាក់បញ្ចូលវ៉ាក់សាំងដ៏អស្ចារ្យហើយគ្រប់គ្រាន់នៅក្នុងនិទាឃរដូវ ពិតណាស់នឹងជួយឲ្យសហរដ្ឋអាមេរិកចាប់ផ្តើមផ្លាស់ប្តូរសម្រាប់យើង ហើយយើងនឹងវិលត្រឡប់ទៅរកភាពធម្មតាវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc