ក្រុមហ៊ុន The Walt Disney នឹងមិនមានដល់សព្វថ្ងៃនេះទេ បើសិន Bob Iger អតីត CEO មិនប្រើល្បិចនេះ បញ្ចុះបញ្ចូល Steve Jobs ដើម្បីទិញក្រុមហ៊ុន Pixar
បុគ្គលជោគជ័យ December 3, 2020 Khmernote

នៅពេលដែលលោក Bob Iger បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន The Walt Disney ក្នុងឆ្នាំ២០០៥ គាត់មានគំនិតប្រថុយប្រថានមួយគឺទិញ Pixar ។ លោក Iger បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី The David Rubenstein Show របស់សារព័ត៌មាន Bloomberg ថា៖ « នៅពេលនោះស្ទូឌីយោជីវចល Walt Disney បានធ្លាក់ចុះខ្លាំង ក្រុមហ៊ុន Pixar និង Disney បានបណ្តាក់ទុនរួមគ្នាដើម្បីផលិតខ្សែភាពយន្តរបស់ Pixar រួមទាំងខ្សែភាពយន្តល្បីដូចជារឿង“ Toy Story”​ “ Monsters, Inc. ” និង “Finding Nemo” ។ ប៉ុន្តែ Steve Jobs ដែលជាស្ថាបនិកក្រុមហ៊ុន Apple និង Pixar បាននិយាយជាសាធារណៈក្នុងឆ្នាំ២០០៤ ថាទំនាក់ទំនងរវាង Pixar និង Disney កំពុងតែត្រូវបានបញ្ចប់ ពីព្រោះក្រុមហ៊ុនមិនអាចយល់ព្រមលើកិច្ចព្រមព្រៀងចែកចាយ។

លោកបានលើកឡើងនៅក្នុងបទសម្ភាសន៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ « ដោយឃើញថា Disney Animation ត្រូវការការកែលំអរយ៉ាងខ្លាំង លោកគិតថាវិធីលឿនបំផុតដើម្បីសំរេចគោលដៅ ទោះបីវាជាការប្រថុយប្រថាននិងថ្លៃបំផុតក៏ដោយនោះ គឺត្រូវទិញ Pixar។ ហើយមុនពេលទៅក្រុមប្រឹក្សាភិបាលរបស់ Disney លោក Iger ត្រូវតែបញ្ចុះបញ្ចូល Steve Jobs ជាមុនសិន។ លោក Iger បាននិយាយថា៖ « នៅពេលគំនិតនៃការទិញក្រុមហ៊ុន Pixar ត្រូវបានផ្ដើមឡើង ខ្ញុំបានទូរស័ព្ទទៅលោក Jobs ពេលនោះខ្ញុំភ័យណាស់ ប៉ុន្តែវាជាការល្អបំផុតដែលខ្ញុំបាននិយាយជាមួយគាត់ផ្ទាល់ ហើយគ្រានោះខ្ញុំបាននិយាយប្រាប់គាត់ថា ខ្ញុំមានគំនិតឆ្កួតៗចង់ពិភាក្សាជាមួយគាត់ »។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន The Walt Disney រូបនេះបានបន្តថា អ្នកដែលស្គាល់លោក Steve Jobs នឹងដឹងថាប្រសិនបើអ្នកនិយាយទៅកាន់គាត់ថាអ្នកមានគំនិតឆ្កួតៗ គាត់នឹងចាប់អារម្មណ៍អ្នក ហើយចាំស្ដាំថាតើវាគឺជាអ្វី។ ជាការពិតណាស់ Jobs បានស្នើសុំឱ្យលោក Iger ប្រាប់គាត់ពីគំនិតរបស់គាត់ក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទ។ ក្រោយសន្ទនា និងបានណាត់ជួបគ្នាដើម្បីពិភាក្សាយ៉ាងតឹងរឹង ទីបំផុត Disney បានទិញ Pixar ក្នុងតម្លៃ ៧.៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៦។ ខណៈនោះ Jobs បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ Disney និងជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន។

នៅពេលដែល Jobs បានទទួលមរណភាពដោយសារជំងឺមហារីកលំពែងក្នុងឆ្នាំ ២០១១ ភរិយារបស់គាត់ឈ្មោះ Laurene Powell Jobs បានទទួលភាគហ៊ុនចំនួន ១៣៨ លានហ៊ុនរបស់ Disney ។ នៅឆ្នាំ ២០១៧ ការជឿទុកចិត្តដែលគ្រប់គ្រងដោយ Powell Jobs បានកាត់បន្ថយការកាន់កាប់របស់ខ្លួនមកនៅត្រឹម ៤% ។ ចំណែកឯលោក Iger បានលាឈប់ពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Disney ក្នុងខែកុម្ភៈ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc