មហាសេដ្ឋី Bill Gates ធ្លាប់និយាយថា៖ « ដើម្បីបញ្ឈប់ជំងឺ Covid-19 ពិភពលោកត្រូវការវ៉ាក់សាំងចំនួន ៧ ពាន់លានដូស »
បុគ្គលជោគជ័យ November 10, 2020 Khmernote

លោក Bill Gates ដែលត្រូវបានមនុស្សជាច្រើនស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីចិត្តធម៌ក្នុងនាមជាម្ចាស់មូលនិធិ Bill & Melinda Gates ធ្លាប់បាននិយាយថា ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសរាតត្បាត Covid-19 ពិភពលោកត្រូវការវ៉ាក់សាំងចំនួន ៧ ពាន់លានដូស។ ការលើកឡើងរបស់មហាសេដ្ឋីរូបនេះគឺ ធ្វើឡើងនៅលើប្លុកផុសរបស់គាត់ក្នុងអំឡុងខែមេសា ឆ្នាំ២០២០នេះ ពោលគឺនៅពេលដែលប្រទេស និងក្រុមហ៊ុនឱសថនានាចាប់ផ្ដើមស្រាវជ្រាវ និងផលិតវ៉ាក់សាំង Covid-19។

យ៉ាងណាមិញគិតមកទល់ខែវិច្ឆិកា ចុងឆ្នាំនេះ យោងតាមសារព័ត៌មាន CNBC បានចេញផ្សាយថា ជាដំណឹងល្អសម្រាប់អ្នកវិទ្យសាស្រ្ត និងមនុស្សជាតិ ខណៈក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer បានប្រកាសកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួន មានប្រសិទ្ធភាពជាង ៩០% ក្នុងការការពារវីរុស Covid-19 ដោយចាត់ទុកការអភិវឌ្ឍន៍នេះជា « ថ្ងៃដ៏អស្ចារ្យមួយសម្រាប់អ្នកវិទ្យាសាស្ត្រ និងមនុស្សជាតិ »។ ទន្ទឹមនឹងនេះដែរសារព័ត៌មាន channelnewsasia ក៏បានចេញផ្សាយផងដែរថា វ៉ាក់សាំងប្រឆាំងនឹង Covid-19 របស់រុស្ស៊ីដែលមានឈ្មោះថា Sputnik V ក៏មានប្រសិទ្ធភាពជាង ៩០% ដែរនេះបើយោងតាមការបញ្ជាក់របស់តំណាងក្រសួងសុខាភិបាលរុស្ស៊ី។

គួរឲ្យដឹងថាលោក Bill Gates គឺជាមហាសេដ្ឋីមួយរូបដែលតែងតែព្រមានពីជំងឺរាតត្បាតនៅលើពិភពលោក និងបានដាស់តឿនឲ្យរដ្ឋាភិបាលក្នុងបណ្ដាប្រទេសនានាគួរត្រៀមសម្រាប់វីរុសរាតត្បាតផ្សេងដែលកើតមានឡើង។ ហើយកាលពីពេលថ្មីៗនេះ លោកក៏បានព្យាករណ៍ថា Pfizer នឹងក្លាយជាវ៉ាក់សាំងលំដាប់ទីមួយ ដែលមានប្រសិ​ទ្ធិភាពខ្ពស់ ព្រោះដោយសារតែបទពិសោធន៍របស់ក្រុមហ៊ុននេះ ក្នុងការបង្កើតវ៉ាក់សាំង ដែលគាត់ជឿជាក់ថាពួកគេបានធ្វើការស្រាវជ្រាវបានយ៉ាងល្អ៕

អត្ថបទ៖ លីនី
ប្រភព៖ geekwire ,cnbc ,CNA