បានក្បែរអ្នកមាន គួររៀនតាមតៃកុងឡានមហាសេដ្ឋី លី កាស៊ីង ចាស់ទៅចូលនិវត្តន៍សល់លុយរាប់លានដុល្លារ
បុគ្គលជោគជ័យ November 3, 2020 Khmernote

ជាការពិតណាស់មនុស្សគ្រប់គ្នាតែងយល់ឃើញថា ការងារជាអ្នកបើកឡានឲ្យមហាសេដ្ឋី ឬ អ្នកជំនួញ មិនអាចរកចំណូលបានច្រើននោះទេ ប៉ុន្តែផ្ទុយទៅវិញអ្នកបើកឡានឲ្យមហាសេដ្ឋីលំដាប់ទី១ នៅហុងកុង សល់ប្រាក់រាប់លានដុល្លារនៅពេលចូលនិវត្តន៍។ លោក លី កាស៊ីង ត្រូវបានគេស្គាល់ថា ជាកំពូលវិនិយោគិននៅអាស៊ី ជាពិសេសខាងវិស័យអចលនទ្រព្យ។ លោក គឺជាបុគ្គលមួយរូបដែលឆ្លាត និងពូកែក្នុងការវិនិយោគមិនថា គ្រប់កន្លែង ឬ ទីតាំងណាក៏ដោយមិនងាយបរាជ័យនោះទេ។ ជាមួយគ្នានេះ គ្រប់ពេលធ្វើដំណើរមិនថាទៅមើលទីតាំងវិនិយោគ ឬទៅធ្វើការនៅក្រុមហ៊ុន មហាសេដ្ឋីរូបនេះមានអ្នកបើកបរផ្ទាល់ខ្លួន។

ក្រោយពេលបើកបរឲ្យលោក លី អស់ជាង ៣០ មក អ្នកបើកបរក៏ត្រៀមចូលនិវត្តន៍ ហើយដោយសារឃើញការខិតខំបំពេញការងារបានយ៉ាងល្អ មហាសេដ្ឋីរូបនេះបានប្រគល់ប្រាក់ចំនួន ២ លានដុល្លារហុងកុង (ប្រហែល ២៤,០០០ ដុល្លារ) ជាអំណោយចូលនិវត្តន៍ ប៉ុន្តែបុរសនោះបានបដិសេធ ដោយនិយាយថា៖ « គាត់រកលុយបានរាប់លានរួចទៅហើយ »។ លោក លី កាស៊ីង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងរឿងនេះ ហើយបានសួរទៅវិញថា៖ « តើលោកសន្សំលុយបានរាប់លានដោយរបៀបណា បើប្រាក់ខែរបស់លោកមានតែពីរ បីពាន់ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំៗ »។

អ្នកបើកបរបានឆ្លើយថា៖ « ពេលដែលខ្ញុំកំពុងបើកបរ ខ្ញុំបានយកចិត្ដទុកដាក់នឹងអ្វីដែលអ្នកបាននិយាយនៅកៅអីខាងក្រោយជាមួយដៃគូរបស់អ្នកទាក់ទងនឹងភាគហ៊ុនណាដែលត្រូវទិញ ខ្ញុំក៏ទិញតាម។ ហើយកន្លែងណាដែលអ្នកទិញដី ខ្ញុំទិញមួយដុំតូចនៅតំបន់នោះដែរ។ នេះហើយជារបៀបដែលខ្ញុំបានទទួលប្រាក់រាប់លានដែលខ្ញុំមាននៅថ្ងៃនេះ! »។

ដូច្នេះយោងតាមអ្នកបើកឡាន បានបង្រៀនឲ្យយើងដឹងថាក្លាយជាអ្នកមានមិនចាំបាច់ជាមនុស្សឆ្លាតទេ តែអំពីមនុស្សដែលអ្នករៀន។ អ្នកបើកឡានបានធ្វើតាមយុទ្ធសាស្ត្រវិនិយោគរបស់លោក លី កាស៊ីង ជាជំហានតូចៗ ហើយបានក្លាយជាសេដ្ឋីខ្លួនឯង៕

អត្ថបទ៖ លីនី
ប្រភព៖ visiontimes