មហាសេដ្ឋី Bill Gates និយាយថា វ៉ាក់សាំង Covid-19 ដំបូងបង្អស់អាចនឹងមិនមានប្រសិទ្ធិភាពខ្លាំងពូកែនោះទេ
បុគ្គលជោគជ័យ November 2, 2020 Khmernote

វីរុស Covid-19 ក្នុងពេលបច្ចុប្បន្នហាក់ដូចជាកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺគិតមកទល់ពេលនេះចំនួនអ្នកឆ្លងលើពិភពលោកកើនដល់ជាង ៤៦.៧លានករណី ហើយគិតត្រឹម ២៤ម៉ោង មានករណីថ្មីជាង៤០ ម៉ឺននាក់។ ជាមួយការឆ្លងរាលដាលដ៏ឆាប់រហ័សនេះ បណ្ដាប្រទេស អង្គការ និងក្រុមហ៊ុនផលិតឱសថធំៗនានាលើពិភពលោក ក៏កំពុងដុតដៃដុតជើងក្នុងការផលិតវ៉ាក់សាំងផងដែរ ដោយកាលពីពាក់កណ្ដាលនៃឆ្នាំនេះប្រទេសរុស្ស៊ីបានទទួលជោគជ័យលើវ៉ាក់សាំង Covid-19 ដំបូងគេបង្អស់។

ទោះបីជាយ៉ាងនេះ​ក្ដី លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft បានប្រាប់ទៅកាន់ប្រធាននិពន្ធនាយក Yahoo! Finance ថា៖ « វ៉ាក់សាំងការពារវីរុស Covid-19 ដំបូង ប្រហែលមិនល្អឥតខ្ចោះនោះទេ ខណៈនៅមានផ្លូវវែងឆ្ងាយទៀតទម្រាំពិភពលោកត្រលប់ទៅរកសភាពដូចដើមវិញ »។ មហាសេដ្ឋីរូបនេះបានពន្យល់ថា៖ « ទោះបីជាវ៉ាក់សាំង ២ ទៅ ៣ ប្រភេទដំបូងក្នុងចំណោមវ៉ាក់សាំងចំនួន ៦ ត្រូវបានអនុម័តក៏ដោយ ក៏ប្រសិទ្ធភាពរបស់វាទាក់ទងនឹងការការពារមិនឲ្យកើត និងការចម្លងវីរុសទៅអ្នកដទៃ មិនបានល្អនោះទេ»។

យោងតាមលោក Gates គាត់សង្ឃឹមថា នឹងមានវ៉ាក់សាំង ២ ឬ ៣ ក្នុងចំនោម ៦ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៣ នៃការសាកល្បងគ្លីនិកដែលត្រូវបានអនុម័ត ហើយលោកបានព្យាករណ៍ថា Pfizer នឹងក្លាយជាវ៉ាក់សាំងលំដាប់ទីមួយ ដែលមានប្រសិ​ទ្ធិភាពខ្ពស់ ព្រោះដោយសារតែបទពិសោធន៍របស់ក្រុមហ៊ុននេះក្នុងការបង្កើតវ៉ាក់សាំង ដែលគាត់ជឿជាក់ថាពួកគេបានធ្វើការស្រាវជ្រាវយ៉ាងល្អ។ ប៉ុន្តែទោះយ៉ាងណាការចាក់វ៉ាក់សាំងដល់មនុស្សគ្រប់រូបអាចជាការពិបាកបន្ទាប់ពីរលកនៃព័ត៌មានមិនពិត និងការសមគំនិតប្រឆាំងនឹងវ៉ាក់សាំងដែលបានលេចចេញក្នុងប៉ុន្មានខែថ្មីៗនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur