Mark Zuckerberg នឹងមិនក្លាយជាស្ថាបនិកហ្វេសប៊ុកទេ ប្រសិនបើគាត់ដើរតាមឪពុកចាប់យកអាជីពមួយនេះ
បុគ្គលជោគជ័យ October 28, 2020 Khmernote

លោក Mark Zuckerberg ចាប់ផ្ដើមទទួលបានភាពល្បីល្បាញតាមរយៈការបង្កើតបណ្ដាញសង្គម Facebook នៅក្នុងបន្ទប់ស្នាក់នៅរបស់គាត់ក្នុងសាកលវិទ្យាល័យ Harvard ហើយក្រោយមកបានឡើងកូដជាបន្តបន្ទាប់រហូតក្លាយជាមហាសេដ្ឋីលំដាប់ទី៣ លើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមុនពេលដែលគាត់ចូលរៀននៅមហាវិទ្យាល័យ ឪពុករបស់គាត់លោក Zuckerberg Edward បានផ្ដល់ឱកាសមួយដល់គាត់នោះ គឺធ្វើជាម្ចាស់សិទ្ធិយីហោ McDonald’s ។

យោងតាមបងស្រីរបស់ស្ថាបនិក Facebook រូបនេះគឺអ្នកនាង Randi Zuckerberg បាននិយាយប្រាប់ទូរទស្សន៍ CNN ថា៖ « វាពិតជារឿងគួរឲ្យអស់សំណើចមួយ ដែលឪពុករបស់ខ្ញុំតែងតែផ្ដល់នូវជម្រើសពីរយ៉ាងមកកាន់កូនៗរបស់គាត់ នៅពេលចូលដល់វ័យបន្តការសិក្សានៅមហាវិទ្យាល័យ ជម្រើសនោះគឺ តើចង់ទៅរៀននៅមហាវិទ្យាល័យ ឬ ចាប់យកការវិនិយោគក្នុងសិទ្ធិអាជីវកម្មណាមួយហើយដំណើរការវា »។

យ៉ាងណាមិញសម្រាប់ Mark បានជ្រើសរើសយកបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard ហើយក្រោយមកក៏បោះបង់ចោលការសិក្សា។ នៅពេលដែល Mark បានចាប់ផ្ដើមជិវិតនៅមហាវិទ្យាល័យក្នុងឆ្នាំ២០០២ គ្មាននរណាម្នាក់អាចដឹងមុនថា ពេលវេលារបស់គាត់នៅ Harvard នឹងធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីរាប់ពាន់លានដុល្លារនោះទេ។ តាមពិតទៅកាលនោះប្រសិនបើ Mark បានជ្រើសរើសយក Big Macs របស់យីហោ McDonald’s គាត់អាចរកលុយបានយ៉ាងងាយស្រួល ហើយរស់ដោយមិនចាំបាច់ខ្វាយខ្វល់ខ្លាំងដូចមហាសេដ្ឋីជាច្រើនផងដែរ។

បើយោងតាមរបាយការណ៍ឆ្នាំ ២០១៦ ពី CNBC និង Franchise Business Review ប្រាក់ចំណេញជាមធ្យមនៃយីហោម្ហូបអាហារ និងភេសជ្ជៈមានចំនួន ៩០,៣៨៨ ដុល្លារក្នុងមួយឆ្នាំ ដូច្នេះវាមិនមែនជារឿងចម្លែកទេសម្រាប់ម្ចាស់អាជីវកម្ម McDonald’s ក្នុងការទទួលបានចំណាត់ថ្នាក់ទី៦ នេះបើយោងតាមរបាយការណ៍របស់ Bloomberg កាលពីឆ្នាំ ២០១៥ ។ ទោះជាយ៉ាងណាក្ដីបច្ចុប្បន្ន Mark Zuckerberg មានទ្រព្យសម្បត្តិសរុបចំនួន ១០៧ ពាន់លានដុល្លារនេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។ ហើយបានបង្ហាញថា Mark អាចរកចំណូលបានជាង ៤.៧ ពាន់លានដុល្លារក្នុងមួយឆ្នាំចាប់តាំងពីលោកបានបោះបង់ចោលការសិក្សានៅឆ្នាំ ២០០៤ ៕

អត្ថបទ៖ លីនី
ប្រភព cnbc