អតីតប្រធានាធិបតីដែលក្រីក្របំផុតនៅលើពិភពលោក បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយហើយ
បុគ្គលជោគជ័យ October 22, 2020 Chan Sreyny

អតីតប្រធានាធិបតីអ៊ុយរុយហ្គាយលោក Jose Mujica ដែលត្រូវបានគេប្រសិទ្ធនាមថាជា « ប្រធានាធិបតីក្រីក្របំផុតលើពិភពលោក » ដោយសារតែរបៀបរស់នៅដ៏សាមញ្ញរបស់គាត់ បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយហើយ។ អតីតប្រធានាធិបតីវ័យ ៨៥ ឆ្នាំរូបនេះ បានប្រាប់នៅក្នុងសម័យប្រជុំសភាមួយកាលពីថ្ងៃអង្គារ កន្លងទៅនេះថា គាត់ប្រឈមនឹងបញ្ហាកាន់តែខ្លាំងដោយសារ វ័យកាន់តែចាស់ ហើយមានជំងឺប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលនេះជាមូលហេតុធ្វើឲ្យគាត់ចូលនិវត្តន៍។

ជាមួយគ្នានេះដែរ គាត់ក៏បានលើកឡើងពីជំងឺរាតត្បាតដោយវីរុស Covid-19 ដែលជាហេតុផលមួយសម្រាប់ការសម្រេចចិត្តរបស់គាត់ក្នុងការចូលនិវត្តន៍។ លោកបាននិយាយថាការងាររបស់សមាជិកសភា គឺដើម្បីនិយាយជាមួយប្រជាជន និងចុះត្រួតពិនិត្យតាមតំបន់ជាច្រើន តែដោយសារវីរុស Covid-19 គាត់មិនអាចចុះទៅបាន ហើយការធ្វើការដោយត្រូវអង្គុយនៅតែក្នុងការិយល័យ មិនអាចឲ្យគាត់បំពេញភារកិច្ចរបស់ខ្លួនបានឡើយ។

លោក Jose Mujica បានបម្រើការជាប្រធានាធិបតីអស់រយៈពេល ៥ ឆ្នាំរហូតដល់ឆ្នាំ ២០១៥ ហើយក្នុងអាណត្តិរបស់លោកជាប្រធានាធិបតី លោកបានបរិច្ចាគប្រាក់ខែភាគច្រើនរបស់លោកទៅឱ្យអង្គការសប្បុរសធម៌ និងរស់នៅក្នុងកសិដ្ឋានមួយជាមួយភរិយា និងចិញ្ចឹមសត្វពីរ បី ក្បាលប៉ុណ្ណោះ។ បន្ទាប់ពីលោកលាឈប់ពីតំណែងជាប្រធានាធិបតី លោកបានក្លាយជាសមាជិកព្រឹទ្ធសភា ហើយគិតមកត្រឹមបច្ចុប្បន្ននេះ លោកបានប្រកាសថា នឹងចូលនិវត្តន៍ឈប់ធ្វើនយោបាយ។​ ទន្ទឹមនឹងនេះសុន្ទរកថារបស់ Mujica នៅឯអង្គការសហប្រជាជាតិដែលបានរិះគន់ការផ្លាស់ប្តូររបស់ពិភពលោកចំពោះការប្រើប្រាស់ដ៏ច្រើន ត្រូវបានបកប្រែទៅក្រៅប្រទេស ហើយលក់ដាច់បំផុតនៅក្នុងប្រទេសជប៉ុន៕

អត្ថបទ៖ លីនី
ប្រភព៖ nhk